ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

នាយករដ្ឋបាលស្រុកកំចាយមារ បើករថយន្តបុកត្រាក់ទ័រពីក្រោយ! បងថ្លៃគំរាមជីវិតអ្នកយកព័ត៌មាន!

ព្រៃវែង: ព្រោះតែអំណាចបុណ្យស័ក្កិ និងភាពក្រអឺតក្រទម ហើយមិនទទួលខុសត្រូវចំពោះទង្វើបស់ខ្លួននោះ បងថ្លៃរបស់នាយករដ្ឋបាលសាលាស្រុកំចាយមារ បានគំរាមដល់ជីវិតរបស់អ្នកយកព័ត៌មាន ដែលចុះទៅថត និងយកព័ត៌មានពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកាមរី និងត្រាក់ទ័រ កាលពីវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦។

ភ្នាក់ងារយកព័ត៌មានរបស់អង្គភាពសារព័ត៌មាន Post News ប្រចាំខេត្តព្រៃវែង លោក សុខ លីន បានរាយការណ៍មកថា លោក សិន ផាត អាយុ៣៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិដុំ ឃុំស្មោងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង ដែលមន្ត្រីនគរបាល និងអ្នកភូមិអះអាងថា ជាបងថ្លៃរបស់លោក គង់ សំអូន មានតួនាទីជានាយករដ្ឋបាលសាលាស្រុកកំចាយមារ បានគំរាមដល់អាយុជីវិតរបស់លោក ដោយនិយាយថា «គ្មានសិទ្ធិមកថត និងកត់លេខរថយន្តទេ មានសិទ្ធិតែប៉ូលិស ពួកអាអ្នកកាសែតអាក្រក់ណាស់ បន់ស្រន់ឲ្យតែគេគ្រោះថ្នាក់ទាំងអស់ ប្រយ័ត្នខ្លួនពេលចេញទៅក្រៅ!»

ការគំរាមប្រមាថដល់អាយុជីវិតដល់អ្នកយកព័ត៌មានខាងលើនេះ បន្ទាប់ពីលោក សុខ លីន នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ បានចុះទៅយកព័ត៌មានពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តម៉ាក តូយូតា កាមរី ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2M-6115 ដែលមានម្ចាស់ឈ្មោះ គង់ សំអូន ជានាយករដ្ឋបាលសាលាស្រុកកំចាយមារ បានបុកគូថត្រាក់ទ័រអ្នកភូមិពីក្រោយ ក្នុងទិសដៅស្របគ្នា ហើយទាមទារឲ្យម្ចាស់ត្រាក់ទ័រសងថ្លៃខូចខាតរថយន្តរបស់ខ្លួនទៅវិញ។ យ៉ាងណា លោក សុខ លីន បញ្ជាក់ថា លោកនឹងរៀបចំពាក្យបណ្ដឹងទៅកាន់សមត្ថកិច្ច បន្ទាប់ពីលោកត្រូវបានឈ្មោះ សិន ផាត បងថ្លៃលោកនាយករដ្ឋបាលស្រុកកំចាយមារ គំរាមអាយុជីវិត។

គួរជម្រាបថា នៅវេលាម៉ោងប្រមាណ៤៖៤៥នាទី ទៀបភ្លឺថ្ងៃទី២៧ ខែតុលានេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កដោយរថយន្តកាមរី របស់នាយករដ្ឋបាលសាលាស្រុកកំចាយមារ ទៅបុកគូថត្រាក់ទ័រពីក្រោយ បណ្ដាលឲ្យរងការខូចខាតមធ្យោបាយទាំងសង្ខាង នៅបណ្ដោយផ្លូវជាតិលេខ៨ ស្ថិតក្នុងភូមិស្មោងជើង ឃុំស្មោងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។

ក្នុងហេតុការណ៍នេះ ភាគីម្ចាស់រថយន្តកាមរី ឈ្មោះ គង់ សំអូន បានទាមទារឲ្យម្ចាស់ត្រាក់ទ័រឈ្មោះ ឃៀល សារិត ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិព្រាល ឃុំស្មោងជើង ស្រុកជាមួយគ្នា ដែលបានបើកបរពីទិសខាងត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុ ក៏ត្រូវរថយន្តបុកចំពីក្រោយពេញទំហឹង បណ្តាលខូចខាតមធ្យោបាយរៀងៗខ្លួន។ បច្ចុប្បន្នទាំងរថយន្ត និងត្រាក់ទ័រ ត្រូវសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់ ក្រោយការវាស់វែង។

ចំពោះករណីគំរាមកំហែងដល់អាយុជីវិតរបស់ភ្នាក់ងារអង្គភាពយើង Post News សូមធ្វើការថ្កោលទោសចំពោះអ្នកគំរាម និងអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវផ្ដល់យុត្តិធម៌ដល់លោក សុខ លីន និងផ្ដល់កិច្ចសហការការពារដល់សុខសុវត្ថិភាពរបស់លោកផងដែរ៕

photo_2016-10-27_13-34-51

photo_2016-10-27_13-34-54

photo_2016-10-27_13-34-52

photo_2016-10-27_13-34-49

photo_2016-10-27_13-34-56

មតិយោបល់