ភ្នំពេញៈ បុរសម្នាក់ត្រូវបានរងរបួសធ្ងន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូត្រូវរថយន្តម៉ាក ford មួយគ្រឿង បើកទៅបុកពីក្រោយពេញទំហឹង បណ្តាលឲ្យប៉ើងទៅមុខជាច្រើនម៉ែត្ររងរបួសធ្ងន់ ចំណែកឯរថយន្តបង្ក បានដាច់ផ្លាកលេខនៅជាប់មូតូ រួចបន្តបើករត់ទៅមុខគេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៣០ នាទីយប់ថ្ងៃទី១៥ ខែកក្កដាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ២០៥ ចំណុចមុខផ្សារដេប៉ូ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានឃើញបុរសម្នាក់ ជិះម៉ូតូម៉ាកស្កុបពីមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1-IT 7863 ធ្វើដំណើរតាមបណ្តោយផ្លូវ២០៥ ក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ ទល់មុខនិងផ្សារដេប៉ូ ស្រាប់តែគេឃើញមានរថយន្តម៉ាក ford មួយគ្រឿងទៀត ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2-BC 0788 ធ្វើដំណើរស្របទិសគ្នាពីត្បូងទៅជើង ក្នុងល្បឿនលឿនបានជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូប៉ើងទៅមុខជាច្រើនម៉ែត្ររងរបួសធ្ងន់ ចំណែកឯម៉ូតូជនរងគ្រោះ រងការខូចខាតស្ទើរទាំងស្រុង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ បានចុះមកដល់រួចក៏ធ្វើការវាស់វែង យកម៉ូតូជនរងគ្រោះទៅរក្សាទុក នៅអធិការរដ្ឋានខណ្ឌ៧មករា បន្ទាប់មកនិងធ្វើការស្រាវជ្រាវរករថយន្តបង្ក ដោយនៅក្នុងនោះ បានដាច់ផ្លាកលេខរថយន្ត នៅជាប់និងម៉ូតូជនរងគ្រោះ ៕
មតិយោបល់