ភ្នំពេញៈ ត្រឹមតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ ផ្ទះឈើប្រក់ក្បឿង១ខ្នង ត្រូវបានភ្លើងឆាបឆេះក្លាយទៅជាផេះ បណ្ដាលឲ្យកូនស្រីម្ចាស់ផ្ទះម្នាក់ រលាកភ្លើងរងរបួសធ្ងន់ ហើយសង្ស័យបណ្ដាលមកពីភ្លើងធូប ដែលម្ចាស់ដុតសែនថ្ងៃសីល ហើយទ្រព្យសម្បត្តិ និងសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះនោះ ត្រូវភ្លើងឆេះគ្មានសល់ រួមទាំងរថយន្តម៉ាកតូយ៉ូតាកាមរី១គ្រឿងផងដែរ ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ នៅក្នុងភូមិស្នោខាងលិច សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ផ្ទះខាងលើសាងសង់ពីឈើប្រក់ក្បឿង និងដែលមានម្ចាស់ប្ដីឈ្មោះ សៀង ណម អាយុជាង៦០ឆ្នាំ និងប្រពន្ធឈ្មោះ ខឹម ផេន អាយុជាង៦០ឆ្នាំដូចគ្នា ចំណែកឯកូនស្រីដែលរងរបួសឈ្មោះ សំណាង អាយុជាង៣០ឆ្នាំ ។
ប្រភពដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុ កូនស្រីដែលរងរបួស និងចៅៗ របស់ពួកគាត់បាននៅផ្ទះ ចំណែកម្ចាស់ផ្ទះទាំង២នាក់ប្ដីប្រពន្ធ ពុំបាននៅផ្ទះនោះទេ ពួកគាត់បានទៅនៅផ្ទះមួយទៀត ។ ក្រោយមកកូនស្រីគាត់ បានទៅស្រោចទឹកបន្លែនៅខាងក្រោយផ្ទះ ក្រោយមកស្រាប់តែមានភ្លើងឆាបឆេះផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយកូនស្រីគាត់រត់ឡើងទៅយករបស់របរនៅលើផ្ទះ ទើបត្រូវភ្លើងឆេះរលាកបណ្ដាលឲ្យរងរបួស ។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ពេលនោះអ្នកភូមិបាននាំគ្នាជួយពន្លត់ តែពុំឈ្នះឡើយ បន្ទាប់មករថយន្តដឹកទឹកលក់ នៅក្នុងភូមិច្រើនគ្រឿង បានទៅជួយបាញ់ពន្លត់ ប៉ុន្តែអត់រលត់សោះ ទើបក្រោយមកទៀត អាជ្ញាធរខណ្ឌកំបូល បានហៅរថយន្តពន្លត់អគ្គិភ័យបុរីសង្ឃឹមថ្មី២គ្រឿង
ទៅជួយទើបរលត់ទាំងស្រុង ៕
មតិយោបល់