ភ្នំពេញៈ រឿងរ៉ាវស្នេហាដ៏គួរឲ្យចាប់អារម្មណ៍មួយ ខណៈពេលដែលប្ដីរៀបការពេញច្បាប់ រស់នៅជាមួយគ្នារាល់ថ្ងៃ ពេលចេញទៅធ្វើការបាត់ដូចសព្វដង ស្រាប់តែប្រពន្ធលួចបង្កាត់ភ្លើងស្នេហ៍ នៅក្នុងបន្ទប់ជួល, ដោយមានការសង្ស័យ ប្ដីក៏ត្រឡប់មកវិញ ឃើញប្រពន្ធរួមទាំងប្រុសស្នេហ៍ក្នុងបន្ទប់ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៥ និង ០០នាទីព្រឹកព្រលឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ទីតាំងស្ថិតក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ប្ដីប្រពន្ធខាងលើនេះ គឺបានរៀបការជាមួយគ្នា រយៈពេលប្រហែលជា៣ ឆ្នាំមកហើយ និងមានកូនស្រីម្នាក់ ជាចំណងដៃអាពាហ៍ពិពាហ៍ផងដែរ ហើយសព្វថ្ងៃបុរសជាប្ដី ធ្វើការនៅកន្លែងកុងស៊ីកាប់សត្វគោ ។ ជារៀងរាល់ថ្ងៃបុរសជាប្តីតែងចេញទៅធ្វើការនៅវេលាម៉ោង២រំលងអធ្រាត្រ នឹងត្រឡប់មកវិញវេលាម៉ោង៨និង០០នាទីព្រឹក ។ ចំណែកស្ត្រីជាប្រពន្ធដែលលួចបង្កាត់ភ្លើងស្នេហ៍ជាមួយប្រុសថ្មីនោះ ជាកម្មការិនីរោងចក្រ ស្នាក់នៅក្នុងបន្ទប់ជួលជាមួយគ្នា ។
ប្រភពដដែលបានបន្តទៀតថា អំឡុងពេលកន្លងមក ប្តីរបស់ស្ត្រីខាងលើ បានឃើញស្ត្រីជាប្រពន្ធ តែងតែលួចលេងឆាត ជាមួយប្រុសថ្មីជាហូរហែ ប៉ុន្តែដោយមិនចាប់អារម្មណ៍ នោះទេ ព្រោះស្ត្រីជាប្រពន្ធ ពេលគាត់លេងរួចតែងចុចលុបវិញ ។ លុះរហូតមកដល់ព្រឹកថ្ងៃកើតហេតុ បុរសជាប្ដីបានចេញទៅធ្វើការដូចសព្វដង មានអារម្មណ៍មិនស្រួល ដោយមានការសង្ស័យ ទើបវេលាម៉ោង៥និង០០នាទីព្រឹក គាត់ក៏ត្រឡប់មកបន្ទប់ជួលវិញ ដោយគោះទ្វារបន្ទប់មិនឃើញប្រពន្ធបើក ក៏រង់ចាំមួយសន្ទុះ ទើបបើកទ្វារឱ្យ ក៏ស្រាប់តែឃើញម៉ូតូមួយគ្រឿងនៅក្នុងបន្ទប់ ។ ដោយមានការសង្ស័យ ក៏ក្រឡេកទៅមើលក្នុងបន្ទប់ទឹក ស្រាប់តែឃើញបុរសជាប្រុសស្នេហ៍ កំពុងតែនៅក្នុងបន្ទប់ទឹកនោះតែម្ដង ។ ពេលនោះបុរសជាប្ដី មិនបានប្រើហិង្សាទៅលើ ប្រុសស្នេហ៍របស់ប្រពន្ធឡើយ គ្រាន់តែបិទទ្វារផ្ទះផ្នែកខាងក្រៅ រួចរាយការណ៍ទៅខាងអាជ្ញាធរ មានសមត្ថកិច្ច ចុះមកហៅភាគីទាំងប្រុសស្នេហ៍ និងស្ត្រីជាប្រពន្ធទៅធ្វើការដោះស្រាយគ្នា នៅសង្កាត់សំរោងក្រោមតែម្តង ៕
មតិយោបល់