(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថាសហរដ្ឋអាមេរិកពិតជាមានការតក់ស្លុតជាពន់ពេក ចំពោះការ បង្រ្កាបយ៉ាងបង្ហូរឈាមលើក្រុមបាតុករកាលពីថ្ងៃសៅរ៍ម្សិលមិញ ពីសំណាក់កងកម្លាំងសន្តិសុខនៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោករដ្ឋមន្ត្រីការបរទេសអាមេរិក បានគូសបញ្ជាក់ដូច្នេះថា៖ «សេចក្ដីរាយការណ៍ពីការសម្លាប់មនុស្សច្រើនជាង១០០នាក់ បានបង្ហាញកាន់តែច្បាស់ថារបបយោធានឹងបូជាជីវិតប្រជាជន ដើម្បីផលប្រយោជន៍មនុស្សមួយក្ដាប់តូច»។ លោកបន្ថែមទៀតថាប្រជាជនមីយ៉ាន់ម៉ាដ៏ក្លាហានកំពុង បដិសេធការគ្រប់គ្រងដ៏សាហាវរបស់យោធា។
គួរបញ្ជាក់ថា សារព័ត៌មានមីយ៉ាន់ម៉ា Myanmar Now បានរាយការណ៍ថាមនុស្សយ៉ាងហោចណាស់ ១១៤នាក់ ត្រូវបានសម្លាប់នៅក្នុងការបង្រ្កាបដោយកងកម្លាំងសន្តិសុខ នៃរដ្ឋាភិបាលយោធានៅទូទាំងប្រទេស ជាពិសេសក្នុងទីក្រុងរ៉ង់ហ្គូន និងទីក្រុងម៉ាន់ដាឡាយ កាលពីថ្ងៃសៅរ៍ម្សិលមិញ ដោយធ្វើឱ្យចំនួនអ្នកស្លាប់ក្នុងបាតុកម្មតវ៉ា ចាប់តាំងពីថ្ងៃផ្ទុះរដ្ឋប្រហារមកកើនដល់ច្រើនជាង៤០០នាក់៕
មតិយោបល់