ភ្នំពេញៈ មានករណីជនសង្ស័យម្នាក់ លួចទូរស័ព្ទដៃជនរងគ្រោះបានសម្រេចហើយ ប្រហែលជា៧ម៉ោង ត្រូវម្ចាស់រៀបគម្រោង តាមក្របួចជាប់ ប្រគល់ឲ្យសមត្ថកិច្ច បង្កការភ្ញាក់ផ្អើលកើតឡើង កាលពីវេលាម៉ោង២និង០០នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ នៅមុខវត្តជម្ពូវ័ន ក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ សុខ ណារី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបស់លើកអីវ៉ាន់ ស្នាក់នៅបន្ទប់ជួលក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពពីជនរងគ្រោះដែលមានឈ្មោះ អិន តុលា ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា កាលពីព្រឹកថ្ងៃកើតហេតុ ខ្លួនបានដេកនៅក្នុងបន្ទប់ រួចហើយក៏បានទុកទូរស័ព្ទជាប់នឹងខ្លួន ខណៈពេលដែលកំពុងដេកលក់ ព្រឹកឡើង ស្រាប់តែឃើញទ្វារចំហក៏បាត់ទូរស័ព្ទតែម្ដង ក៏មកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ រួចហើយ រហូតមកដល់វេលាម៉ោង២និង០០នាទី រសៀល ដោយជនសង្ស័យ យកទូរស័ព្ទរបស់ខ្លួន ទៅឆាតដើម្បីខ្ចីលុយរបស់មិត្តភក្កិ ម្ចាស់ទូរស័ព្ទឃើញដូច្នេះ ក៏រកវិធីបោកជនសង្ស័យ ឲ្យយកទូរស័ព្ទមកឲ្យ នៅមុខវត្តជម្ពូវ័ន ក៏ឃាត់បានភ្លាមៗ រួចក៏យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ដើម្បីកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីតែម្ដង ៕
មតិយោបល់