បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យជាមេខ្យល់ចំនួន០២នាក់ នាំមនុស្សឆ្លងដែនដោយខុសច្បាប់ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ។
លោកវរសេនីយ៍ឯក បេន សំអាត់ អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា ជនសង្ស័យទាំង០២នាក់មាន៖ ១- ឈ្មោះ សៀង ម៉ាច ភេទប្រុស អាយុ ៣០ឆ្នាំ ,២-ឈ្មោះ ថេង ចិន្តា ភេទប្រុស អាយុ ៣០ឆ្នាំ អ្នកទាំង០២ នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ ជនទាំង០២នាក់នេះ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៩និង០០នាតី បានលួចនាំពលករចំណាកស្រុកទៅប្រទេសថៃ ដោយខុសច្បាប់ចំនួន០៤នាក់ (ស្រី០៣នាក់) នៅចំណុចក្រោលគោ និងគុម្ពប្ញស្សី ស្ថិតក្នុងភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋានស្រុកម៉ាឡៃ ធ្វើការឃាត់ខ្លួន ទាំងពលករនិងមេខ្សល់មកអធិការដ្ឋាន ដើម្បីសួរនាំ ។
លោកអធិការបានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច ពលករទាំង០៤នាក់បានឆ្លើយថា ខ្លួនត្រូវបានឈ្មោះ សៀង ម៉ាចនិងឈ្មោះ ថេងចិន្តា នាំទៅលាក់ខ្លួននៅក្រោលគោក្រោយរបស់គេ បន្ទាប់មក ទៅលាក់ខ្លួននៅគុម្ពប្ញស្សីទៀត ដែលនៅក្រោយភូមិ ដើម្បីត្រៀមចេញដំណើរឆ្លងទៅថៃ ។ លុះដល់ម៉ោង៧យប់ ថ្ងៃដដែល ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។
បើយោងតាមចម្លើយសារភាពរបស់ឈ្មោះ ថេង ចិន្តា បានសារភាពថា ខ្លួនត្រូវឈ្មោះ សៀង ម៉ាច ឲ្យនៅមើល និងគ្រប់គ្រងពលករចំណាកស្រុកដែលបានលាក់ខ្លួននៅក្រោលគោ ហើយផ្លាស់ទៅនៅគុម្ពប្ញស្សីចល័តចុះឡើង ដើម្បីត្រៀមឆ្លងដែនទៅថៃ ។
ចំណែកឈ្មោះ សៀង ម៉ាច បានសារភាពថា ខ្លួនពិតជាបានលាក់ពលករចំណាកស្រុកចាប់ពី០៨ទៅ០៩នាក់ នៅក្រោលគោ និងចល័តទៅគុម្ពប្ញស្សីក្រោយភូមិ ដើម្បីត្រៀមចេញទៅថៃពិតប្រាកដមែន ។
លោកវរសេនីយ៍ឯក ឡាយ គឹមលួន នាយការិយាល័យ នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យបញ្ជាក់ថា ដោយផ្អែកតាមការបំភ្លឺរបស់ពលករ និងចម្លើយសារភាពរបស់ជនសង្ស័យ ជាមេខ្យល់ទាំង២នាក់ខាងលើ កម្លាំងការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូនពួកគេ ទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ហើយ កាលពីថ្ងៃទី២៧ ខេមីនា ៕
មតិយោបល់