នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ អធិការដ្ឋាននគរបាលក្រុងសៀមរាប បានចាត់កម្លាំងចុះពិនិត្យហាងកាហ្វេ លឹម ឆាយ ស្ថិតនៅជិតស្ពានអាងក្រពើ។ ក្រោយពីការពិនិត្យឃើញថា ទីតាំងនេះ មិនបានអនុវត្តវិធានការគម្លាតសង្គមស្របតាមប្រការ៤ នៃប្រកាសលេខ៨១ស.នក.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ស្តីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពក្នុងអំឡុងពេល នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍។
ដែលនេះជាវិធានការដំបូង គឺគ្រាន់តែព្រមានលើកទី១ ហើយត្រូវធ្វើកិច្ចសន្យាអប់រំណែនាំដល់ម្ចាស់ទីតាំងហាងកាហ្វេនោះ ឲ្យអនុវត្តនូវវិធានការកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពឲ្យបានម៉ត់ចត់ និងខ្ជាប់ខ្ជួន។ ក្នុងករណី នៅតែមិនអនុវត្តហើយបំពាននឹងច្បាប់ និងអនុក្រឹត្យលេខ៣៧អនក្រ.បក ចុះថ្ងៃទិ២២ ខែមីនា ឆ្នាំ២០២១ ព្រមទាំងខ្លឹមសារនៃប្រកាសលេខ៨១ស.នក.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ទៀតនោះ ម្ចាស់ហាងត្រូវរងការផ្តន្ទាទោសជាការពិន័យអន្តរការណ៍ពី២លានរៀលទៅ១០លានរៀល។ ដោយឡែកចំពោះបុគ្គលដែលមិនអនុវត្ត ក៏ត្រូវទទួលទណ្ឌកម្មដូចគ្នាផងដែរ ដោយលើកទី១ ដោយគ្រាន់តែជាការព្រមាន ហើយលើកទី២ ត្រូវរងការផ្តន្ទាទោសជាការពិន័យអន្តរការណ៍ផងដែរ។
គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមការដឹកនាំរបស់ ឯកឧត្តម ទៀ សីហា ជាប្រធាន និងអភិបាល នៃគណ:អភិបាលខេត្ត បានណែនាំឲ្យសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គណ:បញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ចាត់វិធានការអនុវត្តតាមខ្លឹមសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការពង្រឹងការចាត់វិធានការឱ្យបានតឹងរ៉ឹងបំផុតចំពោះការឆ្លងរាលជំងឺកូវីដ-១៩នេះ។
រដ្ឋបាលខេត្តបន្តទទូចដល់បងប្អូនប្រជាពលរដ្ឋអនុវត្តវិធានការការពារ ៣. ការពារ: ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវរក្សាគម្លាតបុគ្គល និង ៣. កុំ : កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំប៉ះពាល់គ្នា៕
អត្ថបទ និងរូបភាព: លោកម៉ី សុខារិទ្ធ កែសម្រួលដោយ លីវ សុខុន!!!
មតិយោបល់