ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ កំពុងបើកបរងងឹតមុខ បណ្តាលឲ្យរថយន្តរេចង្កូត ឡើងសួនបុកបង្គោលភ្លើង និងប៉ះឡាន១គ្រឿងទៀត រងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ មាននរណីបុរសវ័យ៦០ឆ្នាំម្នាក់ បើករថយន្តមួយគ្រឿង ខណៈពេលកំពុងធ្វើដំណើ ក៏ស្រាប់តែងងឹតមុខ បណ្ដាលឱ្យរថយន្តរេចង្កូត ឡើងសួនពុះចែកទ្រូងផ្លូវ ទៅប៉ះរថយន្តមួយគ្រឿងទៀត បែកស្តុបមួយជ្រុលទៅបុក បង្គោលភ្លើងមួយដើមពេញទំហឹង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ តែមិនមាននរណាម្នាក់រងរបួសនោះទេ ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុចខាងជើង ស្ពានលីយ៉ុងផាត់ ប្រហែល ២០០ម៉ែត្រ តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់រថយន្តបង្កឈ្មោះ ជុំ ម៉ានី ភេទប្រុស អាយុ៦០ឆ្នាំ ស្នាក់នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ម៉ាក TOYOTA RAV-4 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AL-9520 បើកបរដោយបុរសចំណាស់ម្នាក់ តាមបណ្ដោយផ្លូវជាតិលេខ៥ ទិសដៅពីជើងមកត្បូង ខណៈពេលមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានរេចង្កូត ឡើងសួនពុះចែកទ្រូងផ្លូវ ជ្រុលទៅប៉ះរថយន្តមួយគ្រឿង កំពុងណើរចរាចរណ៍ក្នុងទិសដៅបញ្ច្រាសទិសគ្នា រួចក៏ជ្រុលទៅបុកបង្គោលភ្លើងមួយដើម រងការខូចខាត តែមិនបណ្ដាលឱ្យនរណាម្នាក់ រងរបួសនៅក្នុងហេតុការណ៍នោះទេ ។

បើតាមបុរសវ័យ៦០ឆ្នាំ ដែលជាម្ចាស់រថយន្តបង្ក បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានបើករថយន្ត តាមបណ្ដោយផ្លូវជាតិលេខ៥ ទិសដៅ ពីជើងមកត្បូង ខណៈពេលមកដល់ចំណុចកើតហេតុ ស្រាប់តែគាត់ងងឹតមុខ ក៏បណ្ដាលឲ្យរថយន្តរបស់គាត់ រេចង្កូតឡើងសួនពុះចែកទ្រូងផ្លូវ ទៅប៉ះរថយន្តមួយគ្រឿងទៀត រួចបន្តទៅបុកបង្គោលភ្លើងមួយដើម ។
បន្ទាប់ពីកើតហេតុភ្លាម ដោយខាងរថយន្តម្ខាងទៀត ដែលរថយន្តរបស់គាត់នោះ ទាមទារថ្លៃជួសជុល៣០០ដុល្លារ គាត់ក៏ប្រគល់លុយ៣០០ដុល្លារនោះឱ្យភាគីខាងនោះបញ្ចប់រឿង ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញ បានចុះទៅដល់ទីតាំងកើតហេតុ រួចធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំការដោះស្រាយ នៅពេលក្រោយតាមនីតិវិធីបន្ត ៕

មតិយោបល់