ព័ត៌មានជាតិ

ល្បិចមែនបុរសម្នាក់នេះ! បោកយកម៉ូតូមិត្តភក្តិទៅដាក់បញ្ចាំ បានប្រាក់ស៊ីចាយ និងលេងល្បែង

កណ្ដាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃ២៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង០៥និង ៣០នាទី មានករណីរំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូ) ចំណុចមុខវិហារអ្នកតាចិន ក្នុងភូមិដើមមៀន១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ផន ភារ: ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត ទីលំនៅភូមិដំណាក់ព្រីង ឃុំមហាលាភ ស្រុកកោះសុទិន ខេត្តកំពង់ចាម ។ ចំណែកជនសង្ស័យឃាត់ខ្លួនឈ្មោះ ច័ន្ទ សម្បត្តិ ហៅច្រាយ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរដេរកែបម៉ូតូ ទីលំនៅភូមិក្បាលថ្នល់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សម្ភារ:បាត់បង់៖ ម៉ូតូមួយគ្រឿងម៉ាក Honda Duck ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1F​ 3673 ។
វត្ថុតាងចាប់យក៖ ម៉ូតូមួយគ្រឿងម៉ាក CBR ពណ៌លឿង ផ្លាកលេខ ភ្នំពេញ ១BZ​ 0563 (របស់ជនសង្ស័យ) ។

ដំណើររឿង៖ កាលពីវេលាកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួន ក៏ស្រាប់ឃើញជនសង្ស័យ ដែលជាមិត្តភក្តិរបស់ខ្លួន កំពុងបណ្តើរម៉ូតូអស់សាំង ពេលនោះជនសង្ស័យ ក៏បានសុំខ្ចីម៉ូតូពីជនរងគ្រោះ ដោយប្រាប់ថាទៅទិញសាំងមួយភ្លែត ហើយក៏ជិះយកទៅបាត់រហូតតែម្តង ។ រីឯម៉ូតូរបស់ជនសង្ស័យ ត្រូវបានជនរងគ្រោះ បណ្តើយកមករក្សាទុក នៅប៉ុស្តិ៍ដើមមៀន និងប្តឹងឲ្យជួយស្រាវជ្រាវចាប់ខ្លួន ចាត់ការតាមនីតិវិធី ។ លុះមកដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ក៏ត្រូវសមត្ថកិច្ចក្រុងតាខ្មៅ សហការជាមួយប៉ុស្តិ៍ចាក់អង្រែលើ ចុះឃាត់ខ្លួនជនសង្ស័យ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ យកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បន្តចាត់តាមនីតិវិធីតែម្តង ។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានប្រាប់ថា ម៉ូតូដែលខ្លួនខ្ចីនោះបានយកទៅដាក់បញ្ចាំ នៅម្តុំផ្សារឃ្លាំងរំសេវ បានលុយចំនួន៥០០ ដុល្លារ ស៊ីចាយលេងល្បែងចាញ់អស់ហើយ ។

បច្ចុប្បន្ន​ ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់