ព័ត៌មានជាតិ

ឃាត់ខ្លួនមុខសញ្ញាជនសង្ស័យ ពាក់ព័ន្ធករណីហិង្សា បណ្តាលឲ្យមនុស្សស្លាប់ម្នាក់

កណ្តាល: នៅថ្ងៃអាទិត្យ ១៥កើត ខែចេត្រ ឆ្នាំជូត ទោសក័ ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៦និង១០នាទី មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ធ្វើឲ្យមនុស្ស៤នាក់ ស្លាប់ម្នាក់ ស្ថិតត្រង់ចំណុចភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះចំនួន០៤នាក់៖ ១-ឈ្មោះ ធូ ភីណា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ័យឧត្តម១ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកម្មកររោងចក្រ (ស្លាប់)។ ២-ឈ្មោះ ធា ស៊ីថា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ -មុខរបរ កម្មកររោងចក្រ, ៣-ឈ្មោះ ឈុន មេសា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ មុខរបរ កសិករ,៤-ឈ្មោះ នេត ឌឿន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ មុខរបរ កសិករ ។ ចំណែកជនសង្ស័យមានគ្នា០៣នាក់ប្រុស (មិនទាន់កំណត់អត្តសញ្ញាណបាន) ជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅមិនស្គាល់ស៊េរី មិនចាំស្លាកលេខ បើករត់គេចខ្លួនបាត់ ។

សភាពនៃរឿងហេតុ៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៦និង១០នាទី នៅចំណុចភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ មានជនរងគ្រោះនិងមិត្តភក្តិ ជិះម៉ូតូមួយគ្រឿងឌុបគ្នា៤នាក់ ចេញពីផ្ទះមិត្តភក្តិ នៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ ពេលជិះម៉ូតូទៅដល់កន្លែងកើតហេតុ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ៣២-៣៣ ភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ស្រាប់តែមានមនុស្ស០៣នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ១គ្រឿងម៉ាក HONDA សេ១២៥ ពណ៌ខ្មៅមិនស្គាល់ផ្លាកលេខ បានជិះពីក្រោយយកដុំថ្ម វាយឈ្មោះ ធូ ភីណា ភេទប្រុស ពីក្រោយចំក្បាលផ្នែកខាងក្រោយ បណ្តាលឲ្យធ្លាក់ពីលើម៉ូតូសន្លប់ រងរបួសធ្ងន់ និងបាត់មាត់បាត់ក ភ្លាមនោះមិត្តភក្ដិដែលជិះមូតូជាមួយ បានយកទៅមណ្ឌលសុខភាព ឃុំបន្ទាយដែកបានស្លាប់បាត់បាត់បង់ជីវិត ។

ចំណែកជនសង្ស័យ ក្រោយធ្វើសកម្មភាពរួច បាននាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ ។ បន្ទាប់មកបងប្អូនជនរងគ្រោះ បានរាយការណ៍ទៅនគរបាល ប៉ុស្តិ៍បន្ទាយដែក ក្រោយទទួលបានព័ត៌មានកម្លាំងនគរបាលប៉ុស្តិ៍បន្ទាយដែក បានសហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ ចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវសាកសួរព័ត៌មាន ពីមិត្តភក្ដិជនរងគ្រោះ ដើម្បីកំណត់មុខសញ្ញា ក្រោយពីទទួលបានភិនភាគជនសង្ស័យ កម្លាំងសមត្ថកិច្ចបានពង្រាយកម្លាំងល្បាតរកមុខសញ្ញា ក៏ប្រទះឃើញមនុស្សប្រុសបីនាក់ ជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1CW.9501 មានកាន់ដំបងដែកទីប កាំបិតប៉័ងតោ និងកណ្ដៀវប្របកនៅនឹងដៃ ភ្លាមនោះកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានពីរនាក់៖

ទី១.ឈ្មោះ សេង សារ៉ាត់ ហៅពៅ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ឃាត់ខ្លួន) ។ ទី២.ឈ្មោះ ខាន់ចាន់ សីហា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិកណ្ដាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ឃាត់ខ្លួន) ។

ចំណែកឯឈ្មោះ ឆ្អឹង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិជ័យឧត្ដម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (រត់គេចខ្លួន) ។ ដោយមានការសង្ស័យពាក់ព័ន្ធជាមួយករណីខាងលើ កម្លាំងសមត្ថកិច្ចបានយកអ្នកទាំងពីរខាងលើ រួមជាមួយវត្ថុតាងទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីសួរនាំ ប៉ុន្តែនៅចំពោះមុខសមត្ថកិច្ច អ្នកទាំងពីរនាក់ខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនមិនមានការពាក់ព័ន្ធនឹងករណីខាងលើនោះទេ ។ ប៉ុន្តែឈ្មោះ សេង សារ៉ាត់ ហៅពៅ ភេទប្រុស និងឈ្មោះ ខាន់ចាន់ សីហា ភេទប្រុស បានឆ្លើយសារភាពថា ចំពោះវត្ថុតាង បំពង់ដែកទីប កាំបិតប៉័ងតោ និងកណ្ដៀវប្របក ដែលពួកខ្លួនយកមកតាមគឺយកមក ដើម្បីរកវាយមនុស្សមួយក្រុម ដែលចង់វាយមិត្តភក្ដិរបស់ខ្លួន ដែលមានឈ្មោះដូចខាងក្រោម៖

ទី១.ឈ្មោះ អ៊ិន ថាវី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ,ទី២.ឈ្មោះ អ៊ិន ថុន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ,ទី៣.ឈ្មោះ មុក បញ្ញា ហៅម៉ី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ អ្នកទាំងបីមានទីលំនៅ ភូមិជ័យឧត្ដម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

បន្ទាប់មកកម្លាំងសមត្ថកិច្ចហៅអ្នកទាំងបីខាងលើ ទៅសាកសួរនាំ នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ។ ក្រោយសមត្ថកិច្ចសួរនាំ អ្នកទាំងបីនាក់ បានឆ្លើយសារភាពថា ពួកខ្លួនមិនមានការពាក់ព័ន្ធនឹងករណីខាងលើនោះទេ ។ ដោយមានការសង្ស័យចំពោះអ្នកទាំងប្រាំនាក់ខាងលើ សមត្ថកកិច្ចធ្វើការឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ស្រុកកៀនស្វាយ ធ្វើការស្រាវជ្រាវករណីនេះបន្តទៀត ដើម្បីរកមុខសញ្ញាប្រព្រឹត្តបទល្មើសកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់