បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបានជាតិបានឲ្យដឹងថាកម្លាំងអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ១នាក់ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយវាយ១ដំបងចំក្បាលបណ្តាលអោយបែកចំនួន៥ថ្នេរ។
ករណីនេះកើតឡើងនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០០និង២០នាទីរំលងអធ្រាត្រត្រង់ចំណុច ភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ។
ជនសង្ស័យឈ្មោះស៊ុន សុខា ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិបឹងរាំង សង្កាត់អូរមាល់ ក្រុង-ខេត្តបាត់ដំបងមកស្នាក់នៅស៊ីឈ្នួលចាំចំការដាំដំឡូងមីភូមិ-ឃុំខាងលើបានយកដំបងឈើវាយទៅលើជនរងគ្រោះ១នាក់ឈ្មោះសៀង ម៉េង ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិស្ពានកណ្តាល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង មកស្នាក់នៅបណ្តោះអាសន្ននៅចំណុចខាងលើ។ជនសង្ស័យបានយកដំបង១ដើមវាយចំក្បាលជនរងគ្រោះបណ្តាលអោយបែកក្បាលដេរចំនួន៥ថ្នេរព្រោះមូលហេតុទំនាស់ពាក្យសំដីនឹងគ្នា(ជនរងគ្រោះជំពាក់លុយថ្លៃលក់ដំឡូងហើយមិនព្រមសង)។
ក្រោយពេលធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះស៊ុនសុខាបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពវាយនឹងដំបងទៅលើជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់