ព័ត៌មានជាតិ

ស្រវឹងកុំបើកបរ! ជនបរទេសម្នាក់ឈប់រថយន្តដេកកណ្តាលផ្លូវម្មង!

ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់បរទេសម្នាក់ សង្ស័យផឹកស្រវឹងជ្រុល បើករថយន្តទៅមុខលែងរួចក៏ឈប់រថយន្តនៅកណ្ដាលផ្លូវដេកក្នុងរថយន្តតែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៥០នាទី យប់ឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ ស្ថិតត្រង់ចំណុចខាងកើតស្ពានអាកាសស្ទឹងមានជ័យ ផ្លូវមុនីរ៉េត សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពពីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើត គេឃើញបុរសម្នាក់ដែលជាជនបរទេស បានបើកបររថយន្តមួយគ្រឿងម៉ាក Fortuner ពណ៌ប្រផះ ពាក់ស្លាកលេខ ភ្នំពេញ 2AN-1760 បានបើកបរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តនេះឈប់នៅកណ្តាលផ្លូវ ត្រូវអ្នកបើកដេកលក់ក្នុងរថយន្ត ធ្វើឲ្យអ្នកធ្វើដំណើរមកឃើញជួយដាស់នៅតែមិនព្រមភ្ញាក់ ទាល់តែរាយការណ៍ទៅសមត្ថកិច្ចមកជួយដាស់ ។

ប្រភពប្រជាពលរដ្ឋ បានបន្ថែមថា ក្រោយពីបានទូរសព្ទរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលបឹងសាឡាងចុះមកដល់ ក៏និយាយប្រាប់ថា កន្លែងកើតហេតុមិនមែនជាមូលដ្ឋានរបស់គាត់នោះទេ គឺជាមូលដ្ឋានប៉ុស្តិ៍នគរបាលស្ទឹងមានជ័យឲ្យចុះមកមើលវិញ ប្រហែលជា១០នាទីសមត្ថកិច្ច មូលដ្ឋានប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ មកដល់ក៏ប្រាប់វិញថាមិនមែនទឹកដីមូលដ្ឋានប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទេ គឺទឹកដីរបស់ប៉ុស្តិ៍នគរបាលបឹងសាឡាង ដោយឆ្លើយដាក់គ្នាទៅវិញទៅមក ។

តែចុងក្រោយសមត្ថកិច្ច ក៏សម្រេចចិត្តទៅ គោះកញ្ចក់រថយន្តខ្លាំងៗ និងរថយន្តដែលកំពុងបញ្ឆេះហើយអ្នកបើកបរ ដេកលង់លក់ ដោយមិនដឹងខ្លួននោះ
ធ្វើឲ្យអ្នកធ្វើដំណើរ និងប្រជាពលរដ្ឋដែលចោមរោមមើល និងសមត្ថកិច្ចបាននាំគ្នាអង្រន់រថយន្ត និងស្រែកខ្លាំងៗ ទើបអ្នកបើករថយន្តនោះដឹងខ្លួនឡើងវិញ ហើយចុចសោរបើកទ្វាររថយន្តរបស់គេ ហើយឃើញសមត្ថកិច្ចនិយាយបន្តិចក៏បុរសម្នាក់នោះ បើករថយន្តបន្តទៅមុខបាត់ភ្លាមៗតែម្តង ៕

មតិយោបល់