បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ០២នាក់ប្តីប្រពន្ធ ទៅចូលរួមក្នុងកម្មវិធីបុណ្យសាច់ញាតិក្នុងភូមិ ដោយទុកកូនស្រីអាយុ០៧ឆ្នាំ ឲ្យនៅចាំផ្ទះម្នាក់ឯង ពេលត្រឡប់មកផ្ទះវិញ ឃើញកូនលង់ទឹកស្រះស្លាប់ ដោយគ្មានអ្នកណាដឹង ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅភូមិមនោរម្យ ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានពីនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា កុមារីរងគ្រោះ ឈ្មោះ ម៉ុល ឧស្សា ភេទស្រី អាយុ០៧ឆ្នាំ មានឪពុកឈ្មោះ មៀន សុខុល អាយុ៣៥ឆ្នាំ និងម្តាយឈ្មោះ ថន ស្រី អាយុ៣៩ឆ្នាំ នៅភូមិមនោរម្យ ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ប្រភពដដែលបានបញ្ជាក់ថា មុនពេលកើតហេតុឪពុកម្តាយក្មេងស្រីរងគ្រោះ បាននាំគ្នាទៅចូលរួមក្នុងកម្មវិធីបុណ្យសាច់ញាតិក្នុងភូមិ ដោយឲ្យកូនស្រីដែលរងគ្រោះនោះ នៅចាំផ្ទះម្នាក់ឯង នៅពេលត្រឡប់ពីកម្មវិធីបុណ្យវិញ មកដល់ផ្ទះចាំកូនមិនឃើញមកហូបបាយ ដោយចាំមើលយូរពេក គាត់បានទៅសួរអ្នកជិតខាង គេថាមិនដឹងទៅណាទេ ដោយមានការសង្ស័យ ក្រែងទៅងូតទឹកស្រះដើរមើលស្រះទឹក ដែលនៅចម្ងាយពីផ្ទះ១០០ម៉ែត្រ ស្រាប់តែឃើញស្បែកជើងនៅមាត់ស្រះ បន្ទាប់មកក៏នាំគ្នាចុះរាវរក ក៏ប្រទះឃើញសពក្មេងស្រីបានស្លាប់ក្នុងទឹកស្រះ មិនដឹងតាំងពីពេលណានោះទេ ។
បច្ចុប្បន្នសពក្មេងស្រីបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី បន្ទាប់ពីនគរបាលពិនិត្យធ្វើកោសល្យវិច្ច័យរួច៕
មតិយោបល់