ព័ត៌មានជាតិ

ជាងឈើម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីលួចកាច់សោកម៉ូតូ

ភ្នំពេញៈ មានករណីជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកចំនួន៣នាក់ ត្រូវសមត្ថកិច្ច និងប្រជាពលរដ្ឋដេញតាមឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព លួចកាច់កម៉ូតូក្នុងបន្ទប់ជួល នៅវេលាម៉ោង២យប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ស្ថិតទល់មុខមន្ទីរពេទ្យរុស្ស៊ី ផ្លូវលេខ២៧១ ក្នុងសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ប៉ាន់ ថុន ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅត្រង់ចំណុចកើតហេតុខាងលើ ។
ជនសង្ស័យឈ្មោះ ជី ចៅ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។

វត្ថុតាងដកហូត៖ ម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខព្រៃវែង 1W4714 ជារបស់ជនរងគ្រោះ ។

នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចខណ្ឌចំការមនម្នាក់ បានជិះម៉ូតូមកអង្គុយនៅម្តុំពេទ្យរុស្ស៊ី ហើយពេលនោះស្រាប់តែមានក្រុមជនសង្ស័យមានគ្នាចំនួន៣នាក់ បានជិះម៉ូតូ១គ្រឿងមកទម្លាក់គ្នាម្នាក់ នៅមុខបន្ទប់ជួលផ្ទះកើតហេតុ ហើយពេលនោះក៏ស្រាប់តែជនសង្ស័យម្នាក់នោះ បានចូលទៅធ្វើសកម្មភាព លួចកាច់សោកយកម៉ូតូជនរងគ្រោះ ដែលទុកនៅមុខបន្ទប់ជួលបានសម្រេច ក៏ជិះបម្រុងគេចខ្លួច តែពេលនោះក៏ស្រាប់តែកម្លាំងសមត្ថកិច្ចខណ្ឌចំការមនម្នាក់ ដែលឃើញហេតុការណ៍ជាក់ស្ដែង បានជិះម៉ូតូជួយដេញតាមចាប់ជាមួយនឹងបងប្អូនប្រជាពលរដ្ឋ រហូតទៅដល់ផ្លូវព្រះមុនីវង្សកែង៣១០ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ទើបធ្វើការឃាត់ខ្លួនជនសង្ស័យ និងម៉ូតូរបស់ជនរងគ្រោះ ក៏ប្រគល់ទៅឲ្យខាងសមត្ថកិច្ចប៉ុស្តិ៍នគរបាលបឹងទំពុន១ នាំខ្លួនយកទៅសាកសួរនៅស្នាក់ការប៉ុស្តិ៍ ។

ដោយឡែកម្ចាស់ម៉ូតូនោះវិញ បានឲ្យដឹងថា នៅក្បាលព្រលប់គាត់បានផឹកស៊ីបន្តិចបន្តួច ជាមួយនឹងមិត្តភ័ក្ដិនៅក្នុងបន្ទប់ជួល រួចហើយក៏បានចូលដេកដូចធម្មតា ដោយបានទុកម៉ូតូចាក់សោនៅមុខបន្ទប់ មិនដឹងថាមានចោរលួចម៉ូតូនោះទេ ។ លុះពេលសមត្ថកិច្ចទៅហៅដល់បន្ទប់ជួលទើបដឹងថា ម៉ូតូរបស់គាត់ត្រូវបានចោរលួច ហើយសមត្ថកិច្ចក៏បានណែនាំឲ្យគាត់ ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលបឹងទំពុន១ ដើម្បីឲ្យសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់