ព័ត៌មានជាតិ

រថយន្តស៊ិនទ្រី បើកលឿនជ្រុលជាន់ហ្រ្វាំងមិនជាប់ បុកបង្គោលភ្លើងនិងស្លាកសញ្ញា បណ្តាលឲ្យខ្ទេចរងការខូចខាត

ភ្នំពេញ: មានករណីរថយន្តស៊ិនទ្រីមួយគ្រឿង សង្ស័យបើកបរក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនជាប់ ជ្រុលបុកបង្គោលភ្លើង មួយដើមគាបជាប់ រងការខូចខាត សំណាងល្អមិនមានមនុស្សរងរបួស ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៨និង៥០នាទីព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ នៅចំណុចផ្លូវជាតិលេខ៣ កែងផ្លូវ៣០ម៉ែត្រ ក្នុងភូមិព្រៃកំបុត សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តក្រុមហ៊ុនស៊ិនទ្រី គ្មានផ្លាកលេខធ្វើដំណើរតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ខណ:មកដល់ចំណុចកើតហេតុ ដោយសារតែមានឧបសគ្គខាងមុខ ចាប់ហ្វ្រាំងមិនស៊ី ក៏គេចមកខាងស្តាំដៃ ជ្រុលបុកបង្គោលភ្លើងថ្មី និងបង្គោលស្លាកសញ្ញា ពីរដើមទៀត រងការខូចខាត ចំណែករថយន្តគាបជាប់ទៅមុខលែងរួច សំណាងល្អមិនមានមនុស្សរងរបួស ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុ និងទំនាក់ទំនងទៅជំនាញចរាចរណ៍រាជធានីភ្នំពេញ មកធ្វើការវាស់វែងយករថយន្តទៅរក្សាទុក រង់ចាំដោះស្រាយតាមច្បាប់ ៕

មតិយោបល់