(ប៉ារីស)៖ ប្រធានាធិបតីបារាំងលោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) នៅថ្ងៃពុធសប្ដាហ៍នេះ បានបញ្ជាឱ្យប្រទេសបារាំងដាក់ចេញនូវវិធានការបិទទ្វារ (lockdown) នៅទូទាំងប្រទេសលើកទី ៣របស់ខ្លួន រយៈពេល០៣សប្តាហ៍ ខណៈបារាំងកំពុងព្យាយាមប្រយុទ្ធប្រឆាំងរលកទី ៣ នៃការឆ្លងរាតត្បាតជំងឺ COVID-19។

ការប្រកាសរបស់លោកប្រធានាធិបតីបារាំងខាងលើនេះ បានកើតមានឡើងបន្ទាប់ពីវិធានការរឹតត្បិត ត្រូវបានដាក់ចេញរួចទៅហើយកាលពីជាង១សប្តាហ៍មុននៅទីក្រុងប៉ារីស និងតំបន់ភាគខាងជើង និងភាគខាងត្បូងនៃប្រទេស។ ប៉ុន្តែនាពេលឥឡូវនេះ វានឹងត្រូវអនុវត្តនៅទូទាំងប្រទេស យ៉ាងហោចណាស់រយៈពេល ០១ខែចាប់ពីថ្ងៃសៅរ៍សប្ដាហ៍នេះតទៅ ហើយសាលារៀនក៏នឹងត្រូវបិទទ្វាររយៈពេល ០៣សប្តាហ៍ចាប់ពីចុងសប្តាហ៍នេះតទៅដូចគ្នា។

បារាំង បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសជាង ៤,៦០០,០០០ករណី ក្នុងនោះមានអ្នកស្លាប់ជាង ៩៥,០០០នាក់ និងចំនួនអ្នកជាសះស្បើយ មិនទាន់មានការបញ្ជាក់ឲ្យបានច្បាស់លាស់ឡើយ៕


AFP៖ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១
មតិយោបល់