ព័ត៌មានជាតិ

ម្ដាយរវល់ធ្វើត្រីស្មានតែកូនលេងជាមួយបងៗ ដឹងចុះលេងទឹកស្រះ បណ្ដាលឲ្យលង់ស្លាប់

បាត់ដំបង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៦និង៣០នាទី នៅចំណុចក្រុមទី០៩ ភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីលង់ទឹកស្រះស្លាប់ម្នាក់ឈ្មោះ ថន ចន្ថា ភេទប្រុស អាយុ០២ឆ្នាំ មានទីលំនៅចំណុចកើតហេតុខាងលើ។

តាមការរាយការណ៍ពីក្រុមគ្រួសារបានឲ្យដឹងថា កុមារារងគ្រោះបានលង់ទឹកស្លាប់ក្នុងស្រះទឹកពីខាងជើងផ្ទះចម្ងាយ៤០ម៉ែត្រ ដោយមូលហេតុស្ត្រីជាម្តាយឈ្មោះ ភិន ភឿន អាយុ៣៥ឆ្នាំ រវល់ធ្វើត្រីមិនបានមើល ស្មានតែកូននៅលេងជាមួយបងៗវា ទើបឲ្យមានការធ្វេសប្រហែសរហូតដល់កូនប្រុសចុះលេងទឹកស្រះបណ្តាលឲ្យលង់ស្លាប់។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលជំនាញសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ រួមនឹងលោកគ្រូពេទ្យ បង្អែកស្រុក បានចុះដល់កន្លែងកើតហេតុពិនិត្យឃើញថា កុមារារងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកស្រះដោយខ្លួនឯងពិតប្រាកដមែន។

បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានគ្រួសារយកទៅធ្វើពិធីបុណ្យ តាមប្រពៃណីទំនៀមទំលាប់ខ្មែរ៕

មតិយោបល់