ព័ត៌មានជាតិ

អាជ្ញាធរ​សុខាភិបាល​អាមេរិកណែនាំ​ឲ្យផ្អាក​ការប្រើប្រាស់​វ៉ាក់សាំង Johnson & Johnson ជាបណ្តោះអាសន្ន

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ អាជ្ញាធរ​សុខាភិបាល​អាមេរិក​បាន​និយាយថា​ ពួកគេ​កំពុង​ធ្វើការ​ស៊ើបអង្កេតអំពី​បញ្ហា​កំណក​ឈាមចំនួន​​ ៦ ករណី​ដែលបាន​កើតឡើង​លើ​ស្ត្រី​ដែល​មាន​អាយុ​ចន្លោះពី​ ១៨ ទៅ ៤៨ ឆ្នាំ​ ហើយ​រោគ​សញ្ញា​បាន​លេចចេញ​ក្នុងរយៈពេល​ពី​ ៦ ទៅ ១៣​ ថ្ងៃ​បន្ទាប់ពី​ទទួល​បាន​ការចាក់វ៉ាក់សាំង​រួច​។

ភាគច្រើន​នៃ​អ្នក​ទទួល​ថ្នាំ​បង្ការ​កូវីដ​របស់​មន្ទីរពិសោធន៍​ Johnson & Johnson មិនមាន​រង​ផល​ប៉ះពាល់​រំខានអ្វីឡើយ​ ឬ​មាន​ផល​ប៉ះពាល់ខ្លះដែរតែក្នុងកម្រិតមួយស្រាល​។ ចំណែក​ជំងឺ​កំណក​ឈាម​ ៦ ករណី​ ដែល​ត្រូវបានរកឃើញ​ក្នុង​ចំណោម​អ្នក​ចាក់វ៉ាក់សាំង​សរុប​ទាំងអស់​ប្រមាណ ៦ លាន ៨​សែន​នាក់​នៅក្នុង​សហរដ្ឋ​អាមេរិក​គឺជា​ករណី​កម្របំផុត​។ ក្នុង​ចំណោម ៦ករណី​មាន​ម្នាក់​ស្លាប់​ ហើយ​អ្នក​ជំងឺម្នាក់ទៀត​ស្ថិត​ក្នុង​ស្ថានភាពធ្ងន់ធ្ងរ​។

តែទោះ​បី​វា​ជា​ករណី​កម្រខ្លាំងក្តី​ អាជ្ញាធរ​សុខាភិបាល​អាមេរិក កំពុង​ដាក់​ការប្រុងប្រយ័ត្ន​ខ្ពស់ចំពោះរឿងនេះ​ និង​បាន​ណែនាំ​ឲ្យផ្អាក​ការប្រើប្រាស់​វ៉ាក់សាំង Johnson & Johnson នេះជាបណ្តោះអាសន្ន​។ ការ​ណែនាំ​របស់​អាជ្ញាធរ​អាមេរិក​ខាងលើ​ ធ្វើឡើង​ក្រោយ​ករណី​កំណក​ឈាមកម្រ​ស្រដៀងគ្នានេះ​ កើតឡើងដែរ​ចំពោះ​វ៉ាក់សាំង​អង់គ្លេស​ AstraZeneca រហូត​ជំរុញ​ឲ្យ​ប្រទេស​​ខ្លះសម្រេច​ផ្អាក​ចាក់​វ៉ាក់សាំងនេះឲ្យ​ប្រជាជនខ្លួនទៀតផង​។

មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការជំងឺ​ ព្រមទាំង​ទីភ្នាក់ងារ​ឱសថ​អាមេរិក​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ដោយ​បញ្ជាក់ថា​បញ្ហា​ឈាមកក​គឺជា​ជំងឺ​ឈាមកក​នៅ​ក្នុង​សរសៃ​វែន​ ហើយ​ជំងឺ​កំណកឈាម​ប្រភេទនេះ​ត្រូវការ​ការព្យាបាល​ខុសពីធម្មតា​។

មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការជំងឺ​របស់​អាមេរិក​ នឹង​កោះប្រជុំ​គណៈកម្មាធិការ​ប្រឹក្សា​ស្តីពី​ការ​អនុវត្តការចាក់ថ្នាំបង្ការ​ (ACIP) នៅថ្ងៃពុធ​ ១៤ មេសា​នេះ ដើម្បី​ពិនិត្យ​មើល​ករណី​កំណក​ឈាម​កើតឡើងថ្មីៗនេះ​បន្ថែមទៀត ​និង​វាយតម្លៃ​ពី​សក្តានុពល​របស់​វា​។ ចំណែក​ទី​ភ្នាក់​ងារ​ឱសថអាមេរិក​វិញថា​នឹងវិភាគលើ​បញ្ហា​ ហើយក៏​ស៊ើប​អង្កេត​លើ​ករណី​ទាំងនេះ​ផងដែរ​។

​អាជ្ញាធរ​សុខាភិបាល​អាមេរិក​ បានស្នើឲ្យ​ផ្អាក​ការ​ប្រើប្រាស់​វ៉ាក់សាំង​ Johnson & Johnson​ រហូតដល់​ដំណើរ​ការស៊ើបអង្កេតត្រូវបិទបញ្ចប់​។ ការ​ប្រកាស​ឲ្យផ្អាក​ចាំបាច់ត្រូវធ្វើឡើង​ដោយសារ​ បញ្ហា​កំណកឈាមនេះ​ មិន​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​នៃ​ផល​ប៉ះពាល់​ដែល​អាច​កើតមាន​ ក្រោយ​ការ​ចាក់វ៉ាក់សាំង​ឡើយ​។ ទោះបី​នេះ​ជា​ករណី​កម្រខ្លាំង​មែនទែន​ ១ ក្នុង​ ១លានក្តី​ អាជ្ញាធរ​សុខាភិបាល​អាមេរិក​ ចង់ឲ្យ​ក្រុម​អ្នក​ផ្តល់​សេវា​ថែទាំ​សុខភាព​ មានពេល​វេលា​ដើម្បី​សិក្សា​ស្វែងយល់​ពី​ផលប៉ះពាល់​នានា​ ដែល​អាច​កើតមាន​ក្រោយការ​ចាក់​វ៉ាក់សាំង​ និង​ស្វែង​រក​វិធីព្យាបាល​ជំងឺ​ដែល​កើត​ឡើង​ដ៏កម្រនេះ​ឲ្យ​បាន​ល្អ​ជាទី​បំផុត​។

 

មតិយោបល់