ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះពលរដ្ឋមួយកន្លែង បណ្តាលឲ្យសម្ភារៈជាច្រើន រងការខូចខាត

សៀមរាបៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ នៅវេលាម៉ោង០៩និង១០នាទី មានករណីអគ្គិភ័យមួយបានកើតឡើង បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋ១ខ្នង ស្ថិតក្នុងភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ។

លោកវរសេនីយ៍ឯក ឌុត ខុន ស្នងការរងទទួលការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានអោយដឹងថា មានករណីឆ្លងចរន្តអគ្គិសនីក្នុងបន្ទប់ទឹក ឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង ម្ចាស់ផ្ទះឈ្មោះ សឿន ភឿត ភេទស្រី អាយុ៤១ឆ្នាំ ប្តីឈ្មោះ វ៉ាន់ លីន ភេទប្រុស អាយុ៤៥ឆ្នាំ មានកូន០៤នាក់ ស្រី០២នាក់ រស់នៅទីកន្លែងកើតហេតុខាងលើ ហើយបណ្តាលឲ្យរងការខូចខាត ផ្ទះ១ខ្នងទំហំ៥ម៉ែត្រ×៦ម៉ែត្រ កម្ពស់៤ម៉ែត្រ សង់អំពីថ្មផ្ទាល់ដី ដំបូលប្រក់ស័ង្កសី សម្ភារៈសំលៀកបំពាក់មួយចំនួន ទូកញ្ចក់មួយ និងខ្សែភ្លើងក្នុងផ្ទះ ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តអគ្គិភ័យ អធិការដ្ឋាននគរបាលស្រុកអង្គរធំចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ទើបភ្លើងរលត់ទៅវិញ នៅវេលាម៉ោង១០និង១៥នាទី ថ្ងៃខែឆ្នាំដដែល តែមិនបណ្តាលអោយរងគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្សឡើយ ៕

មតិយោបល់