ព័ត៌មានជាតិ

ធ្លាយដំណឹងអភិវឌ្ឍន៍ផ្សារកណ្តាល អាជីវករផ្ទុះការតវ៉ា

ភ្នំពេញៈ អាជីវករផ្សារកណ្តាលជាង៨០០តូបបានផ្ទុះការតវ៉ាបន្ទាប់ពីបានទទួលដំណឹងថា សាលារាជធានីភ្នំពេញមានគំរោងចង់អភិវឌ្ឍន៍ផ្សារកណ្តាលនេះឡើងវិញ កាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦នេះ នៅខាងមុខផ្សារផ្លូវលេខ១៣ ក្នុងសង្កាត់ផ្សារកណ្តា១ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ពាក់ព័ន្ធនឹងការប្រមូលផ្តុំរបស់បងប្អូនអាជីវករនាព្រឹកនោះដែរលោក ចាប ឌីណា ប្រធានគណៈកម្មការផ្សារកណ្តាល បានមកជួបជាមួយក្រុមអាជីវករនៅក្នុងផ្សារដោយជជែកពិភាក្សា ដើម្បីពន្យល់ ហើយទទួលយោបល់ មតិពីពួកគាត់ ថា តើពួកគាត់ចង់បានអ្វីខ្លះ និងចង់ឲ្យមានការអភិវឌ្ឍន៍បែបណា។

នៅចំពោះមុខក្រុមអាជីវករជាច្រើននាក់ លោក ប្រធានផ្សារកណ្តាលបានលើកឡើងនូវគុណសម្បត្តិ និងផលប្រយោជន៍យ៉ាងច្រើន ក្រោយពេលផ្សារនេះត្រូវបានសាងសង់រួចជាស្ថាពរ ហើយចំណែកក្រុមអាជីវករលក់ចល័តវិញ ក្រោយពេលសាងសង់រួចនោះ នឹងមានប័ណ្ណកម្មសិទ្ធិមួយ មិនដូចស្ថានភាពលក់ដូរនៅពេលនេះទេ ដែលត្រូវបានគេដេញពេលណាក៏បាននោះ។ ការសាងសង់ឡើងវិញ គឺរដ្ឋជាអ្នកទទួលបន្ទុក មិនត្រូវបានអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនជាអ្នកសាងសង់ធ្វើនោះឡើយ ព្រមទាំងគ្មានការបង់ថ្លៃអ្វីទៀតនោះទេ។
លោក ចាប ឌីណា បានបញ្ជាក់យ៉ាងច្បាស់ថា គម្រោងអភិវឌ្ឍន៍ផ្សារកណ្តាល គឺគ្មានស្ថិតនៅលើការសម្រេចរបស់អភិបាលក្រុង អភិបាលខណ្ឌ និងលោកជាប្រធានផ្សារនោះទេ ពោលគឺស្ថិតនៅលើការសម្រេចចិត្តរបស់បងប្អូនអាជីវករទាំងអស់ បើសិនបងប្អូនមិនយល់ព្រមនោះ ក៏គ្មានការអភិវឌ្ឍន៍ផងដែរ។

ក្រុមអាជីវករភាគច្រើនយល់ ព្រមឲ្យមានការអភិវឌ្ឍន៍ផ្សារឡើងវិញ ដើម្បីភាពប្រសើរឡើង តែសុំការអភិវឌ្ឍន៍នេះ ឲ្យដូចជាផ្សារចាស់អ៊ីចឹង ពោលគឺពួកគាត់អភិវឌ្ឍន៍ខ្លួនឯង។

ប៉ន្តែក៏មានក្រុមអាជីវករមួយចំនួនដែរ ដែលមិនយល់ព្រម ព្រោះតែពួកគាត់មានការព្រួយបារម្ភថា ការលើកឡើងរបស់អាជ្ញាធរ នឹងមិនត្រូវបានធ្វើជូនក្រោយផ្សារសាងសង់រួច ដូច្នេះពួកគាត់សុំឲ្យថ្នាក់ដឹកនាំ ចេញមកបញ្ជាក់ និងការធនាមួយដ៏ត្រឹមត្រូវបំផុត ខណ:ដែលក្រុមអាជីវករខ្លះទៀត នៅចង់តែបានស្ថានភាពផ្សារដូចសព្វថ្ងៃនេះ។

លោកប្រធានផ្សារកណ្តាលបានបញ្ជាក់ទៀតថា តូបទាំងអស់នៅក្នុងផ្សារកណ្តាល មានជាង៨០០តូប ប៉ុន្តែស្ថានភាពផ្សារថ្មនៅចំកណ្តាលនោះ គឺចាស់ទ្រុឌទ្រោមយ៉ាងខ្លាំង ជាហេតុនាំឲ្យថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ ចង់ឲ្យមានការអភិវឌ្ឍន៍ ព្រោះឥឡូវនេះ ត្រូវប្រឈមការទ្រុឌទ្រោមយ៉ាងខ្លាំង ជាពិសេសសសរចាស់ៗ អាចមានការបាក់ស្រុតជាយថាហេតុ។

លោកចាប ឌីណា ប្រធានផ្សារកណ្តាលបានបញ្ជាក់ទៀតថា សម្រាប់តូបរបស់បងប្អូនអាជីវករចាស់ទាំងប៉ុន្មាន ដែលមានទំហំប៉ុណ្ណា នៅកន្លែងណា នោះនឹងទទួលបានដូចដើម ពោលគឺគ្មានការបាត់បង់នោះឡើយ។

គួរំលឹកថា នៅក្នុងកិច្ចប្រជុំមួយនៅរសៀលថ្ងៃទី១១ ឧសភា ឆ្នាំ២០១៦ កន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានពិភាក្សា លើគំរោងកែលំអទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ហើយគម្រោងទាំងនោះ បានគិតគូរទាំងសណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ និងផាសុខភាពទាំងក្នុងនិងក្រៅទីផ្សារផងដែរ។

ក្នុងកិច្ចប្រជុំនោះលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញមានប្រសាសន៍ថា ផ្សារទាំងអស់ក្នុងរាជធានីភ្នំពេញត្រូវតែបានគិតគូពីសណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ និងផាសុខភាពទាំងក្នុង និងក្រៅទីផ្សារស្របពេលដែរ ក្នុងរាជធានីភ្នំពេញបច្ចុប្បន្នមានផ្សារដែលជាផ្សាររបស់រដ្ឋមាន ចំនួន២៥ផ្សារ យើងចាំបាច់ត្រូវតែធ្វើការកែលំអឲ្យមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយល្អប្រសើរ ព្រោះបច្ចុប្បន្ននេះ ទីផ្សារមួយចំនួនមានរូបភាពរញ៉េរញ៉ៃបាត់សណ្តាប់ធ្នាប់ បង្កឲ្យប៉ះពាល់ដល់សន្តិសុខ និងបរិស្ថានក៏ដូចសុខភាពប្រជាពលរដ្ឋទាំងអ្នកលក់ និងអ្នកទិញ។

លោកប៉ា សុជាតិវង្ស បានជំរុញឲ្យមន្ត្រីជំនាញ អាជ្ញាធរដែនដីពាក់ព័ន្ធត្រូវសិក្សាឲ្យ បានច្រើនជំរើសសំរាប់ការពិចារណា លើប្លង់ស្ថាប្យកម្ម ទំហំតូប ចរន្តខ្យល់ អនាម័យ និង បរិស្ថានក្នុងផ្សារជាដើម។

សូមបញ្ជាក់ថា ផ្សារចំនួន២ ត្រូវបានពិចារណាកែលំអរមុន គឺផ្សារកណ្តាល និងផ្សារជម្ពូវ័ន។ ផ្សារកណ្តាលមានតូបផ្លូវការ៨៧៤តូប ផ្សារជម្ពូវ័ន មានតូប២០៤តូប។ អាជ្ញាធរដែលមានការពាក់ពន្ធ័នឹងទីផ្សារ ក៏ដូចគណៈកម្មការគ្រប់គ្រង ទីផ្សារបានលើកឡើងថា ភាពរញ៉េរញ៉ៃបាត់សណ្តាប់ធ្នាប់តាមទីផ្សារ គេតែងបានបង្កឡើង ដោយសារតែការលក់ដូរចល័ត ឬអ្នកលក់តាមកញ្ច្រែង រួមទាំងការចតយានយន្តពាសវាលពាសកាល បង្កឲ្យស្ទះចរាចរ និងគ្រោះថ្នាក់ចរាចរជាញឹកញាប់ ព្រមទាំងបង្កឲ្យមានគំនរសំ រាមយ៉ាងអនាធិបតេយ្យ។ ប្រឈមនឹងបញ្ហាស្មុគស្មាញទាំងនេះ សាលារាជធានីភ្នំពេញត្រូវ តែចាត់វិធានការលើការរៀបចំកែលំអរទីផ្សារក្នុងទីក្រុងឲ្យបានប្រសើរឡើងវិញ៕

photo_2016-05-23_12-04-55 photo_2016-05-23_12-02-45 photo_2016-05-23_12-04-52 (2) photo_2016-05-23_12-04-52 photo_2016-05-23_12-04-53 photo_2016-05-23_12-04-54 (2) photo_2016-05-23_12-02-44 photo_2016-05-23_12-02-42 photo_2016-05-23_12-05-02 photo_2016-05-23_12-04-59 photo_2016-05-23_12-04-54 photo_2016-05-23_12-04-58 photo_2016-05-23_12-02-42 (2)

មតិយោបល់