ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ចូលផ្ទះគេប៉ុនប៉ងលួចទ្រព្យសម្បត្តិ ម្ចាស់ឃើញទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ: ជនសង្ស័យម្នាក់ចូលផ្ទះគេប៉ុនប៉ងលួចទ្រព្យសម្បត្តិម្ចាស់ឃើញទាន់ចាប់ប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទី រសៀល ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ ចំណុចភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ក្រឹម លីមហៅវិត ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលក្រុមទី៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានស្រុកកំណើតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ជនរងគ្រោះឈ្មោះ ជុំ តារា ភេទស្រី អាយុ ៥៥ឆ្នាំ ស្នាក់នៅបន្ទបលជួលក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីស្ត្រីរងគ្រោះប្រាប់ឱ្យសមត្ថកិច្ចដឹងថា នៅមុនពេលកើតហេតុក្នុងថ្ងៃដដែលនោះ គាត់កំពុងសម្រាន្តជាមួយចៅរបស់គាត់ ក្រោយមកកូនប្រុសរបស់គាត់បានត្រឡប់មកពីធ្វើការវិញ ពេលមកដល់បន្ទប់ជួលក៏ដើរទៅក្រោយបន្ទប់បាយ ស្រាប់តែឃើញជនសង្ស័យនៅក្នុងបន្ទប់បាយកំពុងធ្វើសកម្មភាពលួច ពេលនោះកូនប្រុសគាត់បានស្រែកថា ចោរៗ ហើយឮដល់អ្នកជួលបន្ទប់នៅក្បែរនោះ ចេញមកជួយចាប់ជនសង្ស័យប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ ចាត់ការតាមច្បាប់តែម្តង។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីចាត់ការបន្ត៕

មតិយោបល់