បាត់ដំបងៈ កាលពីយប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១១និង២០នាទី នៅចំណុចភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តន៍តាមយោបល់ណែនាំរបស់លោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ព្រមទាំងបានការសម្របសម្រួលលើនីតិវិធី ពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប រួមជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលដឹកនាំដោយលោកវរសេនីយ៍ត្រី វ៉ាន់ តារ៉ា នាយរងការិយាល័យចុះប្រតិបត្តិការបង្ក្រាប ករណីធ្វើអោយខូចខាតដោយចេតនា(គប់កញ្ចក់រថយន្ត)០១ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យ០១នាក់ឈ្មោះ ឌិន ពៅ ហៅង៉ោល ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋានដើម្បីធ្វើការស្រាវជ្រាវ។
ក្រោយធ្វើការស្រាវជ្រាវជនសង្ស័យបានឆ្លើយសារភាពថា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ៦និង៣០នាទីខ្លួន បានចេញពីផ្ទះជាមួយមិត្តភក្តិម្នាក់ទៀតឈ្មោះ សត់ ភេទប្រុស អាយុប្រហែល ២៦ឆ្នាំ ជិះម៉ូតូម្នាក់មួយគ្រឿងដើម្បីមកហូបចុកនៅក្នុងក្រុងបាត់ដំបង លុះពេលត្រឡប់ទៅផ្ទះវិញពេលជិះម៉ូតូតាមផ្លូវដល់ចំណុចមុខវត្តរូង មានរថយន្តដឹកទំនិញធុនធំមួយគ្រឿងបើកមកឆាបខ្លួនពេលនោះជនខ្លួន ក៏រើសដុំថ្ម០១ដុំតាមគប់ទៅលើកញ្ចក់រថយន្តនោះហើយក៏ជិះម៉ូតូរត់គេចខ្លូន។
សូមរំលឹកជូនថា នៅយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ នៅលើផ្លូវជាតិក្នុងមូលដ្ឋាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបងជនរងគ្រោះមានឈ្មោះ ជឹង ប៉ូច ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រូវបានជនមិនស្គាល់មុខធ្វើសកម្មភាពកប់កញ្ចក់រថយន្តរបស់គាត់ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ បន្ទាយមានជ័យ 3A1679 បណ្តាលឱ្យបែកកញ្ចក់ក្រោយ នៅបន្ទាប់ពីពេលកើតហេតុគាត់បានប្តឹងចូលទៅសមត្ថកិច្ចអំពីករណីនេះ ដើម្បីស្វែងរកជនសង័្សយយកមកផ្តន្ទាទោសតាមអំពើល្មើសច្បាប់។
ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតបានម៉ូតូ ០១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ បាត់ដំបង1Q5482(ដែលជាម៉ូតូជិះធ្វើសកម្មភាព)។
បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់