ព័ត៌មានជាតិ

ជនសង្ស័យម្នាក់លួចម៉ូតូមេជាង ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅខណ្ឌដូនពេញ

ភ្នំពេញៈ ម្ចាស់ម៉ូតូមិនដាក់ពាក្យបណ្តឹងទេគ្រាន់តែប្រគល់ឱ្យសមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំប៉ុណ្ណោះ និងអនុញាតិឱ្យជនសង្ស័យលួចម៉ូតូត្រឡប់ទៅវិញ។
ហេតុការណ៍ជនសង្ស័យលួចម៉ូតូនេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង២០នាទីព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ចំណុចក្នុងវត្តស្រះចក សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ម៉ុន ម៉ៅ ភេទប្រុស អាយុ ៣១ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅស្រុកមេសាង ខេត្តព្រៃវែង។
ជនរងគ្រោះឈ្មោះ ផល សុខា ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរជាជាងចេតិយស្នាក់នៅម្តុំបុរីឈូកវ៉ា ក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ម៉ូតូ ដែល ជនសង្ស័យលួចនោះម៉ាក ឆាលីស៊េរីចាស់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1AU-6015។

តាមប្រភពព័ត៌មានពីជនរងគ្រោះឱ្យដឹងថា នៅមុនពេលកើតហេតុគាត់បានទុកម៉ូតូនៅខាងកើតសាលាឆាន់ ហើយរវល់ទៅមើលកូនចៅលាងចេតិយឆ្ងាយពីម៉ូតូប្រមាណ ៤០ទៅ៥០ម៉ែត្រ បន្ទាប់មកគាត់ប្រើកូនជាងឱ្យទៅទិញម្ហូប ស្រាប់តែកូនជាងរបស់គាត់បានឃើញជនសង្ស័យខាងលើ ជិះម៉ូតូរបស់គាត់ចេញពីវត្ត ឃើញដូច្នេះកូនជាងគាត់ជិះម៉ូតូដេញតាមរហូតចាប់បានប្រគល់ឱ្យសមត្ថកិច្ចអប់រំ។

ប្រភពបន្តថាគាត់មិនចង់ឱ្យជនសង្ស័យរួចខ្លួនធូរៗទេគឺ ចង់ឱ្យសមត្ថកិច្ចអប់រំឱ្យតឹងបន្តិចហើយគាត់ក៏មិនបានដាក់ពាក្យបណ្តឹងដែរ។
ទោះជាយ៉ាងនេះក្តីគេមិនដឹងថា សមត្ថកិច្ចចាត់ការបែបណាចំពោះជនសង្ស័យនោះទេ៕

មតិយោបល់