ព័ត៌មានជាតិ

ខឹងគេដេញកាប់ស្អែកឡើងទៅសងសឹកត្រូវកម្លាំងអាវុធហត្ថឃាត់ជាប់ទាំងអស់

បន្ទាយមានជ័យ: យោងតាមផេករបស់មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងសេរីសោភ័ណ បានឲ្យដឹងថា តាមបទល្មើសជាក់ស្ដែងនៅវេលាម៉ោង៨និង៣០នាទី ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ មានករណីមួយកើតឡើងរវាង ក្មេងស្ទាវចំនួន០២ក្រុម ដែលមានជម្លោះនឹងគ្នាក្នុងខណ:ពេលចេញពីផឹកទឹកត្នោតជូនៅចំណុចជើងភ្នំដូងព្រះ ស្ថិតក្នុងភូមិ.សង្កាត់ អូរអំបិល ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ។
លោក យ៉ាន់ សុវណ្ណ មេបញ្ជាការ មូលដ្ឋាន អ.ហ ក្រុងសិរីសោភ័ណបានឱ្យដឹងថា ក្រុមក្មេងស្ទាវចំនួន០៤នាក់ រស់នៅភូមិបែកចាន សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្ត ប.ជ
១.ឈ្មោះ សំណាង ជ័យ ភេទប្រុស អាយុ២១ឆ្នាំ
២.ឈ្មោះ គា ដែន ភេទប្រុស អាយុ២៤ឆ្នាំ
៣.ឈ្មោះ ពឿត ពឿយ ភេទប្រុស អាយុ២៤ឆ្នាំ
៤.ឈ្មោះ ខ្លី ចូវ ភេទប្រុស អាយុ១៧ឆ្នាំ បាននាំគ្នាជិះម៉ូតូមកអង្គុយផឹកទឹកត្នោតជូនៅចំណុចជើងភ្នំដូងព្រះ ស្ថិតក្នុងភូមិ.សង្កាត់ អូរអំបិល ក្រុងសិរីសោភ័ណ ពេលផឹកស៊ីរួចក៏នាំគ្នាជិះម៉ូតូគោលដៅត្រឡប់ទៅភូមិរបស់ខ្លួនវិញ ស្រាប់តែមានក្មេងស្ទាវ១ក្រុមទៀតជិះម៉ូតូចំនួន០៣គ្រឿងដេញតាមពីក្រោយដើម្បីបង្ករឿង ពេលនោះក្រុមក្មេងស្ទាវទាំង០៤នាក់បានជិះម៉ូតូទៅដល់ចំណុចភូមិពង្រ ស្ថិតក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណ ក៏នាំគ្នាគេចខ្លួនពួនបាត់ពេលនោះក្មេងស្ទាវ០១ក្រុមដែលដេញតាមពីក្រោយរកមិនឃើញក៏នាំគ្នាត្រឡប់ទៅវិញបាត់អស់ ។
លោក យ៉ាន់ សុវណ្ណ បានបញ្ជាក់ទៀតថា ក្រោយពីក្រុមក្មេងស្ទាវដែលដេញតាមបង្ករឿងត្រឡប់ទៅវិញបាត់អស់ ក្រុមក្មេងស្ទាវចំនួន០៤នាក់ក៏នាំគ្នាជិះម៉ូតូទៅភូមិរបស់ខ្លួនវិញ ហើយស្អែកឡើងក៏នាំគ្នាយកអាវុធកាន់ម្នាក់១ៗ ហើយនាំគ្នាជិះម៉ូតូត្រឡប់មកអង្គុយរងចាំនៅកន្លែងដែលពួកគេផឹកទឹកត្នោតជូ ដើម្បីសងសឹកទៅលើក្រុមក្មេងស្ទាវនោះវិញ ដោយទទួលបានព័ត៍នោះទើបកម្លាំងរបស់លោកធ្វើប្រតិបត្តិការឃាត់ខ្លួនបានតែម្តង នៅវេលាម៉ោង១១និង៤០នាទី ថ្ងៃទី០៤.០៤.២០២១ ព្រមទាំងដកហូតបានវត្ថុតាងមានដូចជា កាំបិតកែច្នៃដងដែកប្រវែង៣៩សង់ទីម៉ែត្រ បាញ់ថ្នាំពណ៌ក្រហមចំនួន០១ដើម, ពូថៅ ដងឈើប្រវែង៣៤សង់ទីម៉ែត្រចំនួន០១ដើម, ពូថៅកែច្នៃ ដងច្រវាក់ចំនួន០១ដើម, ជំពាមកៅស៊ូចំនួន០១ និងម៉ូតូចំនួន០២គ្រឿងផងដែរ ហើយបញ្ជូនមកមូលដ្ឋាន អ.ហ ក្រុងដើម្បីសាកសួរចម្លើយ ។
ជនសង្ស័យទាំង០៤នាក់ក្រោយពីកម្លាំងជំនាញព្រហ្មទណ្ឌ អ.ហ ក្រុងសាកសួរចម្លើយរួចមក បានឆ្លើយសារភាពថា ពួកគេពិតជាបានកាន់កាប់អាវុធសម្រាប់កាប់ប្រហារទៅលើក្រុមដែលបានជិះម៉ូតូដេញតាមបង្ករឿងដល់ពួកគេពិតប្រាកដមែន ។
ដោយទទួលបានចម្លើយសារភាព និងមានវត្ថុតាងផងនោះ ជនសង្ស័យទាំង០៤នាក់ ត្រូវបានកម្លាំងព្រហ្មទណ្ឌ អ.ហ ក្រុងកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋាន អ.ហ ខេត្តចាត់ការបន្ត ។
លោក វ.ឯ ម៉ែន ភិរម្យ មេ.ការរង អ.ហ ខេត្ត បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់នេះ￸ ដោយទទួលបានការអនុញ្ញាតពីលោក ឧ.ត្រី បោន ប៊ិន មេ.ការ អ.ហ ខេត្តផងដែរ បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ អ.ហ ខេត្ត បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីហើយនៅរសៀលថ្ងៃអាទិត្យ ទី០៤.០៤.២០២១នេះ ៕

 

មតិយោបល់