ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

បែកធ្លាយ រឿងកូនប្រសារឧកញ៉ា ស៊ុយ សុផាន បាញ់បោះសេរីលើទឹកដីទេសចរណ៍

ព្រះសីហនុៈ តាមប្រភពព័ត៌មាន បានទម្លាយប្រាប់អង្គភាព Post News មកថា ថ្មីៗនេះ កូនប្រសាររបស់ឧកញ៉ា ស៊ុយ សុផាន ដែលល្បីរឿងជំនួញដីធ្លី បានបាញ់បោះសេរីនៅលើទឹកដីទេសចរណ៍ ពោរពេញទៅដោយភ្ញៀវរាប់ម៉ឺននាក់ ទៅទស្សនានោះ។

កូនប្រសារឧកញ៉ា ស៊ុយ សុផាន ដែលជាអតីតនាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ និងជាអតីតអធិការរង ទទួលផែនព្រហ្មទណ្ឌខណ្ឌទួលគោក បច្ចុប្បន្ន ជាស្នងការរងនគរបាលខេត្តព្រះសីហនុ ទទួលផែនការិយាល័យសុខាភិបាល និងផ្សព្វផ្សាយអប់រំ ដែលទើបនឹងឡើងតំណែងប្រមាណ៧-៨ខែមកនេះ ត្រូវបានគេរាយការណ៍មកថា ឈ្មោះ ប៉ែន តារា ដោយកាលពីពាក់កណ្ដាលអធ្រាត្រ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ថ្មីៗនេះ បានបង្កការភ្ញាក់ផ្អើល បាញ់បោះសេរីនៅម្ដុំសណ្ឋាគារ និងរមណីយដ្ឋាន អេម៉ារីអូ ស្ថិតនៅចំណុចភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បន្ទាប់ពីចេញពីកន្លែងផឹកស៊ី ហើយហៅស្រីញីទៅដេកជាមួយ ប៉ុន្តែនាងមិនព្រម។

ពាក់ព័ន្ធករណីបាញ់បោះសេរី បង្កអសន្តិសុខនៅលើទឹកដីទេសចរណ៍មួយនេះ ត្រូវបានស្នងការនគរបាលខេត្តព្រះសីហនុ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ប្រាប់ Post News នៅថ្ងៃទី២៧ ខែតុលានេះថា លោកមិនការពារមន្ត្រីរបស់ខ្លួនឡើយ ដោយសុំឲ្យសមត្ថកិច្ចធ្វើការតាមច្បាប់។

លោក ជួន ណារិន្ទ ៖ «ពិតជាមានករណីបាញ់មែន ហើយពេលនេះ យើងកំពុងធ្វើការស្រាវជ្រាវ ហើយក៏បានធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់លើ ដើម្បីដាក់ពិន័យទៅតាមបទបញ្ជារបស់កម្លាំងនគរបាលជាតិ»

លោកស្នងការដែលប្រជាពលរដ្ឋតែងតែកោតសរសើររូបនេះ បានបញ្ជាក់ថា សមត្ថកិច្ចមិនត្រូវធ្វើការបាញ់បោះដោយសេរី ឬបង្កអសន្តិសុខដល់ប្រជាពលរដ្ឋនោះឡើយ ពីព្រោះសមត្ថកិច្ច គឺអ្នកការពារសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ។

គួរជម្រាបថា កាលពីវេលាម៉ោងជាង១រំលងអធ្រាត្រ ចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ថ្មីៗនេះ ឈ្មោះ ប៉ែន តារា និងបក្ខពួក២នាក់ផ្សេងទៀត បានជិះរថយន្តស៊េរីទំនើប២គ្រឿង មានទាំងស្លាកលេខនគរបាលផងនោះ ទៅផឹកស៊ីនៅក្លឹបកម្សាន្ត SEVEN។ លុះរយៈពេលជាង១ម៉ោងក្រោយមក បក្ខពួក២នាក់ បានឡើងជិះរថយន្តមួយគ្រឿងចេញទៅបាត់ ដោយនៅសល់តែឈ្មោះ ប៉ែន តារា ដែលអះអាងថា ខ្លួនជាស្នងការរងនគរបាលខេត្តព្រះសីហនុ ទើបផ្លាស់មកថ្មី ស្រែកឡូឡាខឹងសម្បារយ៉ាងខ្លាំង ដោយសារខឹងរឿងហៅនារីលើកម្ហូបស្រាម្នាក់ ទៅដេកជាមួយ ប៉ុន្តែនាងមិនព្រមទៅ ក៏ដើរចេញមកខាងក្រៅ ហើយដកកាំភ្លើងបាញ់សំញ៉ែង បង្កការភ្ញាក់ផ្អើលគេឯងទាំងយប់តែម្ដង។

បើតាមសាក្សីនៅកន្លែងកើតហេតុ ឲ្យដឹងថា គេឃើញលោក ប៉ែន តារា បើករថយន្តស៊េទីទំនើបម៉ាក លុចស៊ីស ៥៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល ពណ៌ក្រហម ព្រមទាំងមានបិតឡូហ្គូ Police សង្ខាងទ្វាររថយន្តនោះ បានដកកាំភ្លើងខ្លីបាញ់១គ្រាប់ ហើយក៏ប្រញាប់ប្រញាល់បើករថយន្តចេញទៅ។ លុះដល់ច្រកចេញ សន្តិសុខបុរីបានបិទកុងត្រូលមិនឲ្យចេញ តែត្រូវលោក ប៉ែន តារា ដកកាំភ្លើងខ្លីភ្ជង់សំឡុតរកបាញ់ ធ្វើឲ្យអ្នកយាមកុងត្រូលភ័យញ័រជើង ក៏រត់គេចខ្លួនរកកន្លែងសុវត្ថិភាព ទើបលោកបើករថយន្តបុកបារាស់បុរី ទម្លុះគេចខ្លួនដោយសុវត្ថិភាពបាត់ទៅ។

ទោះជាយ៉ាងណា ករណីបង្កការបាញ់បោះសេរី នៅក្នុងទឹកដីទេសចរណ៍ខេត្តព្រះសីហនុ ដែលមានភ្ញៀវជាតិអន្តរជាតិទៅលេងរាប់ម៉ឺននាក់នេះ អង្គភាពសារព័ត៌មាន Post News មិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោក ប៉ែន តារា បានទេ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦នេះ។ Post News រង់ចាំការបំភ្លឺបញ្ជាក់ពីរឿងរាវបង្កអសន្តិសុខខាងលើពីលោកផងដែរ៕

photo_2016-10-27_12-24-04photo_2016-10-27_12-24-00photo_2016-10-27_12-24-23photo_2016-10-27_12-24-12photo_2016-10-27_12-23-56photo_2016-10-27_12-24-08photo_2016-10-27_12-23-53

មតិយោបល់