ភ្នំពេញៈ តបតាមការអញ្ជើញរបស់ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លោក ហ្ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នឹងដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦។
ក្នុងឱកាសទស្សនកិច្ចផ្លូវការនេះ លោក ហ្ស៊ី ជីនពីង នឹងចូលបង្គំគាល់ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងចូលជួបសម្ដែងការគួរសមជាមួយ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល នៅព្រះបរមរាជវាំង។
ប្រធានាធិបតីចិន លោក ហ្ស៊ី ក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយបន្ទាប់មកថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន។
ជាមួយគ្នា អំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីចិន អាជ្ញាធរកម្ពុជា ក៏បានត្រៀមសិស្ស ប្រជាពលរដ្ឋ និងកងកម្លាំងការពារសន្តិសុខ សុវត្ថិភាពប្រមាណ៥៥០០នាក់ ដើម្បីទទួលស្វាគមន៍ផងដែរ។
គួរជម្រាបថា លោក ហ្ស៊ី ជីនពីង ក៏ធ្លាប់បានធ្វើទស្សនកិច្ចនៅកម្ពុជា ក្នុងឋានៈជាអនុប្រធានាធិបតីចិន ម្ដងរួមហើយ តាំងពីឆ្នាំ២០០៩៕






មតិយោបល់