ព័ត៌មានជាតិ

Update៖ ឃ្លាំងមួយកន្លែង ត្រូវអគ្គិភ័យឆេះ បណ្តាលឲ្យសម្ភារៈជាច្រើន រងការខូចខាត

ភ្នំពេញៈ មានករណីអគ្គិភ័យឆាបឆេះឃ្លាំងមួយកន្លែង បណ្តាលឲ្យរងការខូចខាត សម្ភារៈទ្រព្យសម្បត្តិអស់ជាច្រើន បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង កាលពីវេលាម៉ោង០៩និង៣០នាទីយប់ ថៃ្ងអាទិត្យ ៧រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅផ្លូវលំ ក្នុងភូមិ៧ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ម្ចាស់ដែលរងគ្រោះមានឈ្មោះ ឃឹម សុភា ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាអ្នកគ្រប់គ្រង ។

ករណីអគ្គិភ័យនេះ បណ្តាលឲ្យឆេះអគារថ្មប្រក់ក្បឿង ទំហំ១០ម៉ែត្រ x ២៥ម៉ែត្រ ត្រូវរងការខូចខាតសម្ភារៈផ្ទះបាយអស់មួយចំនួន ប្រហែល ៧០% ភ្លើងមិនឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ហើយក៏ពុំមាននរណាម្នាក់រងគ្រោះថ្នាក់ ឬក៏ស្លាប់នោះដែរ ។

មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។

ក្នុងហេតុការណ៍ខាងលើនេះផងដែរ កម្លាំងសមត្ថកិច្ចបានចេញរថយន្តការិយាល័យអគ្គិភ័យចំនួន០៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៦ឡាន ស្មើនឹង២៤ ម៉ែត្រ គូប និងមានរថយន្តជំនួយពន្លត់អគ្គិភ័យរបស់ផ្សារទំនើប អូឡាំព្យា ចំនួន០២ គ្រឿងបន្ថែមទៀត បានប្រើប្រាស់ ទឹកអស់០២ឡាន ស្មើនឹង០៨ ម៉ែត្រ គូប, ហើយអគ្គិភ័យនេះ ត្រូវបានរលត់ទៅវិញជាស្ថាពរ នៅវេលាម៉ោង១០និង០០ នាទីយប់ នៅថ្ងៃខែឆ្នាំដដែល ៕

មតិយោបល់