មណ្ឌលគិរីៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត ស្តីពីការបង្រ្កាបនូវរាល់បទល្មើសគ្រឿងញៀន ក្នុងទូទាំងខេត្តមណ្ឌលគិរី ។
នៅថ្ងៃអាទិត្យ០៧រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១០និង៣០នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ និងអធិការដ្ឋាននគរបាលស្រុកអូររាំង ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលបន្ទុក ផែនប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួល ពីលោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះបង្រ្កាបករណីដាំដុះ ដំណាំកញ្ឆាមួយកន្លែង ស្ថិតត្រង់ចំណុចចម្ការបស់ឈ្មោះ មើប អឿន បានធ្វើចម្ការនៅក្បែរមាត់អូរទេក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំងខេត្តមណ្ឌលគិរី ។ រីឯជនសង្ស័យដែលជាម្ចាស់ចម្ការបានរត់គេចខ្លួនបាត់ ។
វត្ថុតាងដែលកម្លាំងសមត្ថកិច្ចចាប់យកបានរួមមាន៖ ដើមកញ្ឆាទម្ងន់ ចំនួន ៣៨៤ គីឡូក្រាម ធុងបាញ់ថ្នាំចំនួន ០១ ។
ធុងស្រោចដំណាំចំនួន ០១, ចបចំនួន ០៣ ម៉ាស៊ីនមូមទឹកចំនួន ២ គ្រឿង ។ ចំណែកដំណាំកូនកញ្ឆាតូចៗ មួយចំនួនទៀត ទើបនិងដាំត្រូវបាន កម្លាំងសមត្ថកិច្ចបានធ្វើការបំផ្លាញចោលនៅនឹងកន្លែង ។
ករណីនេះកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានយកវត្ថុតាងខាងលើ ទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងតាមស្វែងរកម្ចាស់ចម្ការ យកមកផ្តន្ទាទោសទៅតាមនីតិវិធីច្បាប់ ៕
មតិយោបល់