ព័ត៌មានជាតិ

រថយន្ត ៤គ្រឿង បុកបន្តកន្ទុយគ្នា បណ្ដាលឲ្យរងការខូចខាត និងរបួសមនុស្សម្នាក់ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបុរសម្នាក់ បើករថយន្តក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលបុករុញរថយន្ត ៣គ្រឿង នៅខាងមុខបណ្តាលឲ្យរងការខូចខាតនិងរបួសម្នាក់។

ហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង២០នាទីព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ នៅចំណុចមុខផ្សារជម្ពូវ័ន តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញហាយលែនឌ័រ និងរថយន្តកូរេ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BF-3992 និងរថយន្តម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AX-6091 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ខណ:មកដល់ចំណុចកើតហេតុ ដោយសារស្ទះចរាចរណ៍ក៏បន្ថយល្បឿន ភ្លាមនោះស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាក ព្រូស ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 2C-1566 បើកបរក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុករថយន្តព្រូសរុញទៅផ្ទប់រថយន្តកូរេ និងទៅប៉ះរថយន្តហាយលែនឌ័រមួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ និងមានស្ត្រីម្នាក់រងរបួស។

ក្រោយកើតហេតុស្ត្រីរងគ្រោះបានទៅមន្ទីរពេទ្យដោយខ្លួនឯង ចំណែកបុរសបើករថយន្តបង្កព្រមទទួលកំហុស និងចេញថ្លៃជួសជុលទៅលើរថយន្តទាំងពីរគ្រឿង ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

មតិយោបល់