ភ្នំពេញៈ អាជ្ញាធរកម្ពុជា តាមរយៈមន្ត្រី នៃស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំប្រទេសចំនួន៣ ក្នុងតំបន់អាស៊ាន បានធ្វើការជួយសង្គ្រោះពលការិនីខ្មែរ ចំនួន៣នាក់ ឲ្យបានវិលត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីពួកគេជួបប្រទះការលំបាក។ នេះជាការជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងនៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី បានឲ្យដឹងថា ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងសៀងហៃ ប្រទេសចិន បានអន្តរាគមន៍ជួយស្រ្តីខ្មែរ ឈ្មោះ ពៅ ចាន់ថុន អាយុ២៨ឆ្នាំ រស់នៅខេត្តព្រៃវែង ដែលបានទៅប្រទេសចិន ដើម្បីរៀបការជាមួយបុរសជនជាតិចិន តាំងពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ ប៉ុន្តែមិនទាន់បានរៀបការនៅឡើយទេ ដោយមានការលំបាកបានទៅស្ថានអគ្គកុងស៊ុល ស្នើសុំជួយឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។ ស្ត្រីឈ្មោះ ពៅ ចាន់ថុន នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង១១៖៣០នាទីយប់នេះ។
ដោយឡែកនៅប្រទេសម៉ាឡេស៊ី ឯណោះវិញ លោក ជុំ សុន្ទរី បានឲ្យដឹងដែរថា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយពលការិនីខ្មែរ ម្នាក់ឈ្មោះ ថុល វណ្ណា អាយុ១៩ឆ្នាំ រស់នៅខេត្តកណ្ដាល ដែលទៅធ្វើការនៅប្រទេសម៉ាឡេស៊ី តាំងពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥ តាមរយៈមេខ្យល់ ដោយធ្វើដំណើរតាមរថយន្តកាត់តាមប្រទេសថៃ ហើយជួបប្រទះនឹងការលំបាកក្នុងការងារឲ្យបានវិលត្រឡប់មកកម្ពុជាវិញ តាមសំណើសុំរបស់សាមីខ្លួន។ ពលការិនី ថុល វណ្ណា បានមកដល់កម្ពុជាហើយ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង៧៖៣៥នាទីព្រឹក តាមជើងយន្តហោះ AK៥៣៦។
ជាមួយគ្នានេះ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសសិង្ហបុរី ក៏បានអន្តរាគមន៍ជួយដោះស្រាយបញ្ហាជូនពលរដ្ឋខ្មែរ ឈ្មោះ ប៉ូ សុខា ភេទស្រី ដែលបានទៅប្រទេសសិង្ហបុរី ធ្វើការជាអ្នកបម្រើតាមផ្ទះ ហើយត្រូវបានអាជ្ញាធរសិង្ហបុរី ឃាត់ខ្លួនពីបទលួចគ្រឿងអលង្ការនៅក្នុងផ្ទះថៅកែ។ ដោយការអន្តរាគមន៍របស់ស្ថានទូត ប៉ូលិសសិង្ហបុរី បានបញ្ជូនកញ្ញា ប៉ូ សុខា ទៅស្នាក់នៅបណ្ដោះអាសន្ននៅមជ្ឈមណ្ឌលសម្រាប់ពលករក្នុងស្រុក (Centre for Domestic Employees)។ ប៉ុន្តែតាមសំណើសុំរបស់ស្ថានទូត ថៅកែរបស់កញ្ញា ប៉ូ សុខា មិនបានប្ដឹង និងមានបំណងបញ្ចប់រឿងក្ដីខាងលើនេះ។ ស្ថានទូតបាន និងកំពុងសម្របសម្រួល ដើម្បីដោះស្រាយបញ្ចប់សំណុំរឿងរបស់នារីខ្មែរផងដែរ៕
មតិយោបល់