ព័ត៌មានជាតិ

Update៖ អតីតកម្មករកាត់ដេរម្នាក់ នៅម្តុំរោងចក្រដំបូលខៀវ ចងកសម្លាប់ខ្លួន

ភ្នំពេញ: មានករណីបុរសម្នាក់ មិនដឹងមានវិបត្តិអ្វី ចងកសម្លាប់ខ្លួនជាប់នឹងទុយោទឹក បង្កការភ្ញាក់ផ្អើលទាំងព្រឹក កាលពីវេលាម៉ោង៦និង៣០នាទីថ្ងៃទី៦ ខែមេសា ឆ្នាំ ២០២១ ស្ថិតត្រង់ចំណុចរបងបេតុង ជាប់ផ្លូវបេតុងកែវផ្លូវ១៣២ ក្នុងក្រុម៣៣ ភូមិ១០ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។

សពជនរងគ្រោះឈ្មោះ ស្រួច ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ ជាអតីតកម្មករកាត់ដេរម្តុំរោងចក្រដំបូលខៀវ ក្នុងខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្តព្រៃវែង ។

តាមប្រភពព័ត៌មានពី កន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពខាងលើ ចងកសម្លាប់ខ្លួនស្លាប់បាត់ទៅហើយ ដោយមិនដឹងតាំងពីពេលណានោះទេ ។ ជនរងគ្រោះកាលពីនៅរស់ ធ្លាប់ធ្វើដំណើរឆ្លងកាត់នៅម្តុំក្បែរកន្លែងកើតហេតុផងដែរ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទៅកន្លែងកើតហេតុ ទាក់ទងបុគ្គលិកសុខាភិបាល មកយកសំណាកទៅពិនិត្យរួចទាក់ទងសមត្ថកិច្ចជំនាញ កោសល្យវិច្ច័យចុះពិនិត្យជាក់ស្តែង ៕

មតិយោបល់