ព័ត៌មានជាតិ

Update៖ រថយន្តហ៊ីយ៉ាន់ដាយគេចរថយន្តដឹកដីទៅបុករថយន្តដឹកស្រាបៀរកម្ពុជារបួសធ្ងន់ស្រាល ៣នាក់

ភ្នំពេញៈ រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង គេចរថយន្តរថយន្តដឹកដីមួយគ្រឿង រេទៅបុករថយន្តពុយស៊ូដឹកស្រាបៀរកម្ពុជា ៣០០០កេះមួយគ្រឿង ខ្ទាតធ្លាក់ទំនប់ខូចខាតរថយន្តយ៉ាងដំណំ និងបណ្តាលឲ្យប្រុសស្រី ៣នាក់រងរបួសធ្ងន់ស្រាល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១និង៥០នាទីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចមុខរណ្តៅតាកៅ លើមហាវិថីឈ្នះឈ្នះស្ថិតនៅភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

រថយន្តម៉ាក Hyundai ពណ៌ក្រហម អត់ស្លាកលេខបើកបរដោយជនអត់ស្គាល់អត្តសញ្ញាណ គេចខ្លួនបាត់ពីកន្លែងកើតហេតុ។
ម៉ូតូម៉ាក Honda Wave ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1K-2045 ជិះម៉ូតូឌុបគ្នាពីរនាក់ប្តីប្រពន្ធមិនស្គាល់អត្តសញ្ញាណរងរបួសធ្ងន់។
រថយន្តម៉ាក FUSO ពណ៌ទឹកក្រូច ពាក់ស្លាកលេខព្រះសីហនុ3A-0952 បើកដោយឈ្មោះ ធឿន វាសនា ភេទប្រុស អាយុ ៣០ឆ្នាំ ស្នាក់នៅភូមិកំពង់ទ្រា ឃុំមេសរព្រះច័ន្ទ ស្រុកពារាំង ខេត្តព្រៃវែង រងរបួសស្រាល ។

តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តម៉ាក់ពុយស៊ូដឹកស្រាបៀរកម្ពុជា និងរថយន្តដឹកដីមួយគ្រឿងទៀត មិនចាំម៉ាក និងស្លាកលេខរួមទាំងម៉ូតូខាងលើ បើកស្របទិសគ្នាពីលិចទៅកើតតាមបណ្តោយមហាវិថីឈ្នះឈ្នះ ខណៈមកដល់ចំណុចកើតហេតុ រថយន្តដឹកដីមិនចាំម៉ាកបត់ឆ្វេងឆ្លងផ្លូវចូលទៅរណ្តៅដីតាកៅ ស្រាប់តែរថយន្តហ៊ីយ៉ុនដាយខាងលើ បើកពីកើតទៅលិចគេចរថយន្តដឹកដីនោះ រេចង្កូតមកឆ្វេងដៃទៅបុករថយន្តពុយស៊ូ និងម៉ូតូបណ្តាលឲ្យប្តីប្រពន្ធ ២នាក់របួសធ្ងន់ និងតៃកុងរថយន្តពុយស៊ូរបួសស្រាល។
រថយន្តពុយស៊ូនោះមានឡូហ្គោ Camel Cement ដឹកស្រាបៀរកម្ពុជាចំនួន ៣០០០កេះ បណ្តាលឲ្យខូចខាតខ្លះតែភ្លាមៗនោះ គេមិនដឹងថាស្រាបៀរនៅក្នុងរថយន្តនោះខូចខាតប៉ុន្មានកេះនោះទេ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ទៅដល់ទាក់ទងជំនាញខណ្ឌ រួចជំនាញក៏ទាក់ទងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ វាស់វែងយកវត្ថុតាងទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់ជាក្រោយ៕

មតិយោបល់