ព័ត៌មានជាតិ

បង្ក្រាបស្រ្តីម្នាក់ ដកហូតថ្នាំញៀន ប្រភេទមេតំហ្វេតាមីនចំនួន៥០ថង់

បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១១និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បានបង្ក្រាបករណីរក្សាទុក ចែកចាយ ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ១លើក នៅចំណុចឆ្លាក ភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ឃាត់ខ្លួនស្ត្រីជាជនសង្ស័យម្នាក់ រួមជាមួយនឹងថ្នាំញៀនមួយចំនួន ។

លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ បានរាយការណ៍អោយដឹងថា អនុវត្តតាមយោបល់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង និងយោបល់របស់លោក ឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងជំនាញក្នុងអង្គភាពបានប្រតិបត្តិការ បង្ក្រាបករណីគ្រឿងញៀនខុសច្បាប់១លើក ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ុង គន្ធា ហៅ ម៉ាប់ ភេទស្រី អាយុ ២៩ឆ្នាំ រស់នៅភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានធ្វើការដកហូត ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន៥០ថង់ ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន១ ទូរសព្ទដៃ ចំនួន១គ្រឿង និងថង់សំរាប់ច្រករំលេកគ្រឿងញៀនមួយចំនួន ។

ករណីនេះជនសង្ស័យរួមនិងវត្ថុតាង សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់