ព័ត៌មានជាតិ

ម៉ូតូ ២គ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់ នៅស្រុកកណ្ដាលស្ទឹង

កណ្ដាលៈ នាវេលាម៉ោង ៧នាទីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ ស្ថិតលើផ្លូវលំ ភូមិដំណាក់ត្របែក ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

សភាពនៃរឿងហេតុ៖ នៅវេលាម៉ោងកើតហេតុខាងលើ ម៉ូតូម៉ាក yamaha mt១៥០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1C-8080 បើកបរដោយឈ្មោះ នួន សុខជា ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងបាគូ ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បើកបរក្នុងទិសដៅ(ពីជើងទៅត្បូង) រងរបួសធ្ងន់បានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ ពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើ បានបុកនិងម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CB-8862 បើកបរដោយឈ្មោះ សុធារិទ្ធ ប្រាថ្នា ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិកុកទិល ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល រងរបួសធ្ងន់ បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា(ពីត្បូងមកជើង)។

តាមការសន្និដ្ឋាន៖ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយអ្នកបើកបរម៉ូតូម៉ាក yamaha mt១៥០ ពាក់ស្លាកលេខ ភ្នំពេញ 1C-8080 បើកបរក្នុងល្បឿនលឿន ចូលគន្លងផ្លូវម៉ូតូម្ខាងទៀត ខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលឲ្យគ្រោះថ្នាក់ដល់អ្នកដទៃ។

ចំពោះវត្ថុតាងម៉ូតូទាំង ២គ្រឿង កម្លាំងជំនាញបានយកមករក្សាទុកនៅអធិការរដ្ឋានជាបណ្ដោះអាសន្ន សពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី អ្នករងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់