បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងនគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវជុំវិញករណីឃាតកម្មសម្លាប់ប្រពន្ធរបស់ខ្លួន ឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប្តី ។ ការឃាត់ខ្លួនជនសង្ស័យជាប្តីនេះ ធ្វើឡើងកាលពីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌនិងដោយបានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្តម គឺប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ។
លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យជាប្តីឈ្មោះ ប៉ុល ប៊ុនធឿន ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅផ្ទះជួល ស្ថិតនៅភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ហើយបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីធ្វើការសាកសួរស្រាវជ្រាវជុំវិញករណីឃាតកម្មសម្លាប់ប្រពន្ធរបស់ខ្លួន។
សូមជម្រាបជូនថា នារសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចផ្ទះជួលស្ថិតក្នុងក្រុមទី០១ ភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានការភ្ញាក់ផ្អើលមួយបន្ទាប់ពីប្រទះឃើញស្រី្តឈ្មោះ សេង វ៉េត ហៅ ស អាយុ ៣៩ឆ្នាំ បានដេកស្លាប់ក្នុងបន្ទប់ជួលខាងលើក្នុងសភាពហើមខ្លាំងនិងធុំក្លិនមកខាងក្រៅដោយមិនដឹងពីមូលហេតុ។ ផ្តើមចេញពីបញ្ហានេះ និងមានមូលដ្ឋានបង្ហាញពីការសង្ស័យខ្លាំងចំពោះការស្លាប់របស់ស្ត្រីរូបនេះ ទើបសមត្ថកិច្ចឈានដល់ការនាំខ្លួនបុរសខាងលើ ដែលត្រូវជាប្តីរបស់ជនរងគ្រោះមកធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលបុរសជាប្តីឈ្មោះ ប៉ុល ប៊ុនធឿន បានឆ្លើយសារភាពថា គាត់ពិតជាបានសម្លាប់ស្រី្តជាប្រពន្ធរបស់គាត់កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ នាវេលាយប់រំលងអាធ្រាត្រ ដោយការវាយដំលើផ្ទៃមុខនិងច្របាច់ករហូតដល់ស្លាប់។
ចំពោះមូលហេតុ ដែលឈានដល់ការសម្លាប់ប្រពន្ធបែបនេះ គឺដោយសារប្រពន្ធគាត់តែងតែជេរប្រមាថគាត់នៅពេលខឹង ហើយតែងតែទូរស័ព្ទទៅរកប្តីមុន (អតីតស្វាមី) របស់គាត់និងនិយាយសរសើរប្តីមុននៅចំពោះមុខគាត់ជាញឹកញយ។
តាមការរៀបរាប់ជនសង្ស័យរូបនេះបានឱ្យដឹងថា រូបគាត់និងស្រី្តរងគ្រោះទើបនឹងបានគ្នាជាប្តីប្រពន្ធក្នុងរយ:ពេលតែជាងមួយឆ្នាំប៉ុណ្ណោះ ហើយស្ត្រីជាប្រពន្ធនេះ មានទីលំនៅឯខេត្កកណ្តាល ហើយគាត់បានគ្នាក្នុងពេលធ្វើកម្មកររោងចក្រនៅខេត្តតាកែវជាមួយគ្នា និងទើបមកជួលបន្ទប់ស្នាក់នៅទីនេះក្នុងអំឡុងខែមីនា ឆ្នាំ២០២១តែប៉ុណ្ណោះ។
បច្ចុប្បន្ន សមត្ថកិច្ចនគរបាលកំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដើម្បីបញ្ជូនបន្តទៅកាន់តុលារការអនុវត្តតាមផ្លូវច្បាប់៕


មតិយោបល់