ព័ត៌មានជាតិ

អូស្រ្តាលីទារវ៉ាក់សាំងជាង៣លានដូសពីសហភាពអឺរ៉ុប ដែលខ្លួនបញ្ជាទិញ

 

(ស៉ីដនី)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Scott Morrison នៅថ្ងៃពុធនេះបានស្នើទៅកាន់សហភាពអឺរ៉ុបឲ្យបញ្ចេញវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន AstraZeneca សរុបជាង៣លានដូស ដែលប្រទេសលោកបានបញ្ជាទិញ។ វ៉ាក់សាំងទាំងនេះដំបូងឡើយត្រូវមកដល់កាលពីចុងខែមីនា តែអូស្ត្រាលីអះអាងថាសហភាពអឺរ៉ុប បានរឹតត្បិតការនាំចេញ។

កម្មវិធីចាក់វ៉ាក់សាំងរបស់អូស្រ្តាលី បានចាប់ផ្តើមយឺតជាងបណ្ដាប្រទេសមួយចំនួន ដោយសារតែមានចំនួនករណីឆ្លងទាប ប៉ុន្តែការរាំងស្ទះនៃវ៉ាក់សាំង AstraZeneca កំពុងធ្វើប្រទេសនេះពិបាកក្នុងការបង្កើនល្បឿន នៃការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស។

ប្រជាជនអូស្រ្តាលីតែប្រហែល ៦៧០,០០០នាក់ប៉ុណ្ណោះ ដែលទទួលបានការចាក់វ៉ាក់សាំងសម្រាប់ដូសដំបូង ដោយវាខុសពីគោលដៅដំបូងរបស់ប្រទេសអូស្រ្តាលី ដែលមានគោលបំណង ចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួន ឲ្យបានចំនួន ៤លាននាក់នៅចុងខែមីនា។ ក៏ប៉ុន្តែ EU បានបដិសេធថា មិនបានរឹតត្បិតការនាំចេញវ៉ាក់សាំងមកអូស្រ្តាលីឡើយ៕

Reuters៖ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១

មតិយោបល់