កណ្តាលៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជន និងគណនីហ្វេសបុក សុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ផ្ញើសារក្នុងប្រអប់សារ ផេកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានខ្លឹមសារថាៈ៖ “ស្នងការរដ្ឋាននគរបាលខេត្តកណ្ដាល ជាទីគោរព ! ខ្ញុំបាទរស់នៅភូមិពាម ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ។ សូមមកជួយណែនាំដល់ម្ចាស់ផ្ទះឈ្មោះ ទូច សាម៉េត (ផ្ទះនៅខាងជើងភូមិ)ផង ដោយរូបគាត់តែងតែចាក់បាសលឺៗ រៀងរាល់ចុងសប្តាហ៍រំខានដល់ ការរស់នៅដល់អ្នកដទៃជាខ្លាំង” ។
ក្រោយពីទទួលបានព័ត៌មានខាងលើរួច និងមានការចង្អុលបង្ហាញពីក្រុម ការងារប្រតិកម្មរហ័សខេត្ត លោកវរសេនីយ៍ឯក ឯក លន់ អធិការនគរបាលស្រុកមុខកំពូល បានបញ្ជាឲ្យសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលសំបួរសមាស ចុះពិនិត្យស្រាវជ្រាវករណីខាងលើ ។
ជាលទ្ធផល ៖ នៅរសៀល ថ្ងៃ០៩ ខែមេសា ឆ្នាំ ២០២១ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសំបួរមាស បានស្រាវជ្រាវឃើញថានៅចំណុចផ្ទះឈ្មោះ ទូច សាម៉េត រស់នៅភូមិពាម ឃុំសំបួរមាស ស្រុកមុខកំពូល ដែលបានចាក់ធុងបាសលឺៗ នៅចុងសប្តាហ៍ពិតប្រាកដមែន ។ បន្ទាប់មកសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ ក៏បានអប់រំណែនាំឲ្យគាត់បញ្ឈប់ការចាក់បំពងសំឡេងលឺៗរំខានដល់អ្នកដទៃតទៅទៀត។
អាស្រ័យហេតុនេះ សូមសាធារណជនដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាប ៕
មតិយោបល់