ព្រះអង្គម្ចាស់ហ្វ៊ីលីព បានទទួលមរណៈភាព ក្នុងជន្មាយុ៩៩ព្រះវស្សារ នៅឯដំណាក់វីនសរ ក្បែរទីក្រុងឡុងដ៍ កាលពីព្រឹកថ្ងៃសុក្រ ទី៩មេសា។ កាលពីខែពាក់កណ្តាលខែកុម្ភៈ ព្រះអង្គត្រូវបានគេបញ្ជូនយកទៅមន្ទីរពេទ្យ ដើម្បីព្យាបាលជំងឺរលាកក្នុង និងបញ្ហបេះដូង។ បន្ទាប់ពីបានជាសះស្បើយ គេបានបញ្ជូនព្រះអង្គ ឲ្យទៅសម្រាកនៅព្រះរាជវាំងវីនសរ។
យោងតាមលិខិតរបស់ព្រះបរមរាជវាំងអង់គ្លេស ព្រះអង្គម្ចាស់ហ្វ៊ីលីប បានទទួលមរណៈភាព ក្នុងសេចក្តីស្ងប់បំផុត។ ដោយគោរពតាមបណ្តាំរបស់ព្រះអង្គ នឹងមិនមានកម្មវិធីបុណ្យសព្វ ជាលក្ខណៈជាតិទេ។ ដោយសារតែបញ្ហាកូវីដ១៩ផងនោះ កម្មវិធីបុណ្យនឹងប្រព្រឹត្តិធ្វើទៅ នៅវិហារ Saint-George ក្នុងព្រះរាជវាំងវីនសរ។ អាជ្ញាធរ ក៏បានអំពាវនាវ កុំឲ្យប្រជាជនមកចូលរួម កម្មវិធីនេះឲ្យសោះ។
ទោះយ៉ាងណាក៏ដោយ នៅខាងមុខរបងព្រះបរមរាជវាំង Buckingham កណ្តាលទីក្រុងឡុងដ៍ មានមនុស្សម្នាជាច្រើននាក់ បានយកបាច់ផ្កាមកដាក់ ដើម្បីឧទ្ទិសវិញ្ញាណក្ខន្ធ របស់ព្រះអង្គម្ចាស់ហ្វ៊ីលីព។ សារចូលរួមរំលែកទុក្ខ ពីសំណាក់ក្រុមគ្រួសាររាជវង្សនានា និងប្រមុខរដ្ឋប្រទេសធំៗ បានធ្លាក់មកជាបន្តបន្ទាប់ ដោយខ្លះបានលើកឡើង ពី សេចក្តីក្លាហាន ហ៊ានពលីលះបង់ របស់ព្រះអង្គម្ចាស់ហ្វ៊ីលីប ក្នុងបុព្វហេតុដង្ហែរព្រះមហាក្សត្រីអេលីហ្សាប៊ែតទី២ និងបំរើការពាររបបរាជានិយមអង្គគ្លេស។
សូមបញ្ជាក់ថា ព្រះអង្គម្ចាស់ហ្វ៊ីលីព មានដើមកំណើតជាប់ខ្សែស្រឡាយ រាជវង្សអាល្លឺម៉ង់ តែបានប្រសូត្រនៅប្រទេសក្រិក នៅថ្ងៃទី១០ មិថុនា ១៩២១។ នៅឆ្នាំ១៩៣៩ ព្រះអង្គត្រូវបានឪពុកមា បញ្ជូនឲ្យចូលរៀននៅសាលានាយទាហានជើងទឹកអង់គ្លេស នៅក្រុង Dartmouth ហើយបានចូលរួមយ៉ាងសកម្ម ក្នុងសង្គ្រាមលោកលើកទី២។ គឺនៅក្នុងពេលបំពេញការសិក្សានៅសាលានាយទាហានជើងទឹកនោះហើយ ដែលព្រះអង្គម្ចាស់ ហ្វ៊ីលីព បានជួបប្រាស្រ័យ មានទំនាក់ទំនងជាមួយព្រះមហាក្សត្រីអេលីហ្សាប៊ែតទី២។ ថ្ងៃទី២០ វិច្ឆិកា ១៩៤៧ អ្នកទាំងពីរបានរៀបអភិសេក។ នៅពេលព្រះអង្គព្រះមហាក្សត្រី អេលីហ្សាប៊ែតទី២ ឡើងគ្រងរាជ្យ នៅឆ្នាំ១៩៥២ ព្រះអង្គម្ចាស់ហ្វ៊ីលីព បានលះបង់ចោលមុខតំណែងការងារ ក្នុងជួរកងទ័ពជើងទឹក។
មតិយោបល់