ព័ត៌មានជាតិ

យុវជន ២នាក់ បើកម៉ូតូលឿនជ្រុលបុកគោយន្តឈប់ចតពីក្រោយ បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

​បន្ទាយ​មាន​ជ័យ:​ យោងផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ និង​ម្នាក់​ទៀត​រង​របួសធ្ងន់​ ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វាយចេក​ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​វេលា​ម៉ោង​០៧​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​០៩​ខែមេសា​ ឆ្នាំ​២០២១​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៦A​ ត្រង់​ចំណុច​មុខ​សាលាឃុំ​រលួស​ ស្ថិត​ក្នុងភូមិ​ស្លែង​ថ្មី​ ឃុំ​រលួស​ ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ​ ។​

​ប្រភព​ពី​នគរបាល​ស្រុក​ស្វាយចេក​ បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​បើកបរ​ម៉ូតូ​ដែល​ស្លាប់​ឈ្មោះ​ មឿ​យ​ ម៉ាច​ ភេទ​ប្រុស​ អាយុ​ ២០​ឆ្នាំ​ និង​អ្នក​រួម​ដំណើរ​ឈ្មោះ​ អៀម​ ពឺត​ ភេទ​ប្រុស ​អាយុ ​២៨​ឆ្នាំ​ មាន​ទីលំនៅ​ ជាមួយ​គ្នា​ ភូមិ​ព​ន្សា​យ​ត្បូង​ ឃុំ​ស្វាយចេក​ ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ​ (​គ្មាន​មួក​សុវត្ថិភាព​ទាំង​២​នាក់​)​រង​របួសធ្ងន់​ម្នាក់​បាក់ដៃ​ស្តាំ​ ។​ ទាំង​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​exciter​ ស៊េរី​ឆ្នាំ​២០១៨​ ពណ៌​ក្រហម​ខ្មៅ​ គ្មាន​ស្លាក​លេខ​ ។​ ចំណែក​អ្នក​បើក​គោ​យន្ត​កន្ត្រៃ​ឈ្មោះ​ អ៊ី​ន​ សុ​ភិន​ ភេទ​ប្រុស ​អាយុ​ ២២​ឆ្នាំ​ រស់នៅ​ ភូមិ​គោក​ខ្ពស់​ ឃុំ​គោក​កឋិន​ ស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ​ ។​

​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ មុន​ពេល​កើតហេតុ​ អ្នកបើកបរ​គោ​យន្ត​បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ពេល​មក​ដល់​ចំណុច​កើតហេតុ​មុខ​សាលាឃុំ​រលួស​បាន​ឈប់​ចត​ ដោយ​មិន​មាន​ដាក់​សញ្ញា​ សម្គាល់​ ហើយ​ម្ចាស់​ដើរទៅ​ទិញ​ម្ហូប​នៅ​ហាង​ជិត​នោះ​ ។​ ស្រាប់តែ​មួយសន្ទុះ​ ស្រាប់តែ​ម៉ូតូ​ជន​រង​គ្រោះ​ ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ជ្រុល​បុក​ពីក្រោយ​ពេញទំហឹង​ ខណ:​ដែល​គោ​យន្ត​កន្ត្រៃ​ឈប់​ចត​លើ​ទ្រូង​ថ្នល់​មិន​មាន​ភ្លើង​សញ្ញា​សម្គាល់​ ហើយ​ភាគី​ម៉ូតូ​បើក​ក្នុង​ល្បឿន​លឿន​ ។​

​បច្ចុប្បន្ន​ វត្ថុ​តាង​គោ​យន្ត​និង​ម៉ូតូ​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក​ រួម​ទាំង​អ្នកបើកបរ​គោ​យន្ត​ ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​រង​ចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​ ៕

មតិយោបល់