ព័ត៌មានជាតិ

ប្រទះ​ឃើញ​សាកសព​ស្ត្រីម្នាក់ ត្រូវឃាត​កសម្លា ប់យ៉ាង​អនោចអធម​នៅ​ខេត្តព្រះសីហនុ

ព្រះសីហនុ៖ សាកសពស្ត្រីវ័យក្មេងម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងក្រឡុកក្បែរផ្លូវមួយកន្លែង ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុង និងខេត្តព្រះសីហនុ ដោយមិនទាន់ដឹងអំពីមូលហេតុច្បាស់លាស់នៅឡើយទេ នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១។

​​​​ ករណីឃាតកម្មនេះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅវេលាម៉ោងប្រមាណ ៧:០០នាទី ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីបុរសម្នាក់បានរត់ទៅប្តឹងសមត្ថកិច្ច ទាក់ទិនទៅនឹងការប្រទះឃើញសពស្ត្រីនោះ ក្រោយរូបគេបានដើរទៅដោះបង្កៃត្រីនៅអូរក្បែរកន្លែងកើតហេតុ។

សមត្ថកិច្ចមូលដ្ឋាននៅកន្លែងកើតហេតុ មិនទាន់អាចធ្វើការសន្និដ្ឋានបាននៅឡើយទេ ហើយសពស្ត្រីរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ គ្មានសាច់ញ្ញាតិចូលខ្លួនបំភ្លឺ គ្រាន់តែដឹងថា ស្ត្រីរងគ្រោះមានភិនភាគ រាង្គស្តើង សម្បុរខ្មៅស្រអែម កម្ពស់ជាង១ម៉ែត្រ៥០ អាយុចន្លោះ២០ ទៅ ២៤ឆ្នាំ ពាក់អាវយឺតពណ៌លឿងលាយផ្កាខ្មៅ ខោយឺតពណ៌ខ្មៅឆ្នូតស ពាក់ស្រោមជើងពណ៌ប្រផេះ។ ចំណែកនៅលើក្បែរខ្លួនសាកសព បានបន្សល់ទុកខោប្រុស ពណ៌ខ្មៅ អាវយឺតពណ៌ក្រហម អាវសឆ្នូតខ្មៅ ផ្លែ និងដងឡាមពណ៌ខៀវ។

លោក សារ៉ាត់ វិទ្យា ប្រធានការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ(ការិយាល័យពិនិត្យសាកសព) នៃស្នងការដ្ឋានគរបាលខេត្តព្រះសីហនុបានបញ្ជាក់ថា ចំពោះករណីនេះ សមត្ថកិច្ចនៅមិនទាន់កំណត់ ជាករណីឃាតកម្ម គំនុំ ឬករណីប្លន់សម្លាប់ ឬជាករណីរំលោភសម្លាប់បាននៅឡើយទេ ព្រោះក្នុងសំណុំរឿងនេះសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវស៊ើបអង្កេត ដោយសារសាកសពមិនស្គាល់អត្តសញ្ញាណ។ ក្រោយពិនិត្យរួចសាកសព ត្រូវបានបញ្ជូនមករក្សាទុកនៅមន្ទីពេទ្យបង្អែកចម្ការចេក រងចាំសាច់ញាត្តិទៅទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់