ព័ត៌មានជាតិ

អាសូរណាស់! បុរសជាងមាសម្នាក់ បេះផ្លែស្វាយផ្ញើប្រពន្ធពោះធំ ៦ខែ តែអកុសលមកតាមផ្លូវ ជួបគ្រោះថ្នាក់ចរាចរណ៍ រថយន្តកិនស្លា​ប់

ភ្នំពេញ: នៅវេលាម៉ោង ៦និង១០នាទីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ចំណុចផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងមួយលើករវាងម៉ូតូនិងរថយន្ត។

ជនរងគ្រោះឈ្មោះ រិន ណារ៉ុង ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ ជាងមាស មានប្រពន្ធពោះធំចំនួន ៦ខែ បច្ចុប្បន្នស្នាក់នៅ ផ្ទះជួល ម្ដុំរោងចក្រ អ៊ីខាង ក្នុងខណ្ឌមានជ័យ បើកបរម៉ូតូម៉ាក សង់C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GS-0175 ស្រុកកំណើតនៅភូមិចំបក់កោង ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្ដាល។
រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ កណ្ដាល 3A-1319 ក្រោយពេលកើតហេតុ តៃកុងរថយន្ត បានចុះរត់គេចខ្លួនទៅបាត់។

ដំណើររឿង៖ តាមប្រភពពីកន្លងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តនិងម៉ូតូបើកបរក្នុងទិសដៅ ស្របគ្នា ពីលិចទៅកើត ពេលមកដល់កន្លែង កើតហេតុ ស្រាប់តែម៉ូតូបានបើកទៅ ប៉ះម៉ូតូផាសអែប ដែលបើកបរស្របគ្នាពីខាងក្រោយ ទើបបណ្ដាលឲ្យ ម៉ូតូ ជនរងគ្រោះដួល ស្របគ្នាពេលនោះ ស្រាប់តែ រថយន្តខាងលើ បានបើកមកកិន ជនរងគ្រោះស្លាប់តែម្ដង។

បច្ចុប្បន្ន សពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូនិងរថយន្ដយកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំការដោះស្រាយ៕

មតិយោបល់