ព័ត៌មានជាតិ

រថយន្តសណ្តោងសឺមីរ៉ឺម៉ក១គ្រឿង ​បើកកៀរម៉ូតូនារីវ័យក្មេងម្នាក់ បណ្តាលឲ្យដួលស្លាប់ នៅកន្លែងកើតហេតុ

កំពង់ស្ពឺ: នៅថ្ងៃសៅរ៍ ១៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១០ និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តបើកកៀរ ម៉ូតូបើកបរស្របទិសគ្នា បណ្តាលឲ្យស្លាប់ម្នាក់ នៅលើផ្លូវជាតិលេខ៥១ ចន្លោះបង្គោលលេខ១២-១៣ ស្ថិតត្រង់ចំណុចភូមិត្រពាំងក្រសាំង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គេឃើញរថយន្ត០១ គ្រឿងម៉ាក HINO ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3E.3280 សណ្តោងសឺមីរ៉ឺម៉ក ពណ៌ខៀវ គ្មានផ្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរក្នុងទិសដៅពីត្បូងទៅជើង ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ បានបើកទៅកៀរម៉ូតូ០១ គ្រឿងម៉ាក HONDA DREAM C 125 ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HS.7972 បើកបរដោយឈ្មោះ ជា ចន្ទី ភេទស្រី អាយុ ១៩ ឆ្នាំ រស់នៅភូមិស្ទឹងថ្មី ឃុំបរិបូរណ៍ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ដែលកំពុងបើកបរស្របទិសគ្នា បណ្តាលឲ្យដួលស្លាប់នៅកន្លែងកើតហេតុភ្លាមៗ ចំណែកតៃកុងរថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ ធ្វើការវាស់វែងយកវត្ថុតាង ទៅរក្សាទុក ជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកឧដុង្គ ដើម្បីស្វែងរកម្ចាស់រថយន្ត ចូលខ្លួនដោះស្រាយគ្នា តាមផ្លូវច្បាប់ ។ រីឯសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់