ព័ត៌មានជាតិ

បង្រ្កាបជនសង្ស័យ៥នាក់ ករណីយកអាវុធខ្លីដាក់តាមខ្លួន និងស្រាវជ្រាវរកឃើញពាក់ព័ន្ធគ្រឿងញៀនថែមទៀត

បាត់ដំបងៈ នៅថ្ងៃទី១១និងទី១២ ខែមេសា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ច អនុវត្តតាមមតិដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង រួមទាំងយោបល់បន្ថែមរបស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារ នគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាល ព្រហ្មទ័ណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាបនៃស្នងការដ្ឋាន រួមជាមួយកម្លាំងនគរបាលស្រុកថ្មគោល ប្រតិបត្តិការបង្ក្រាបករណីប្រើប្រាស់ និងរក្សាទុកដោយខុសច្បាប់នូវ (អាវុធ-គ្រឿងផ្ទុះ) ចំនួន០១ករណីនៅចំណុចភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងបានធ្វើការនាំខ្លួនជនសង្ស័យចំនួន០៥នាក់ មកកាន់ស្នងការដ្ឋានធ្វើការសាកសួរស្រាវជ្រាវ ។

ផ្តើមពីការស្រាវជ្រាវលើករណីដាក់តាមខ្លួននូវអាវុធខ្លី (បាញ់ដោយកម្លាំងហ្គាស) នេះក៏លេចឡើងនូវសម្ភារៈ ឧបករណ៍ប្រើប្រាស់គ្រឿងញៀន និងម្សៅក្រាមពណ៌ស ដែលសង័្សយជាគ្រឿងញៀនថែមទៀតផង ។

ជនសង័្សយដែលត្រូវបានឃាត់ខ្លួនគឺ៖ ១-ឈ្មោះ សម្បត្តិ រតនៈហៅណាក់ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ២-ឈ្មោះ ហេង ទិត្យា ហៅចិន ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ។ ៣-ឈ្មោះ ធឿន លីហុង ហៅព្រំ អាយុ២០ឆ្នាំ មានទីលំនៅភូមិស្តីលើ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ៤-ឈ្មោះ ណន និត ហៅបឹម ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
៥-ឈ្មោះ ចន្ទ័ សិលា ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិត្រាង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ក្នុងកិច្ចប្រតិបត្តិការនេះ ដកហូតវត្ថុតាងរួមមាន៖
-អាវុធខ្លី (បាញ់ដោយកម្លាំងហ្គាស) ០១ដើម
-កាំបិតចំនួន០៣ដើម
-ម្សៅក្រាមពណ៌សស្រអាប់ ច្រកក្នុងថង់ប្លាស្ទិក សង្ស័យមានសារធាតុញៀនចំនួន០៣កូនថង់
-សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន
-ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខបាត់ដំបង 1AI8425០១គ្រឿង
-ម៉ូតូម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៣ ពាក់ផ្លាកលេខបាត់ដំបង 1O-1246

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងខាងលើ បានចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់