ភ្នំពេញៈ នៅវេលាម៉ោង១១និង ២០នាទីយប់ថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្តដឹកទំនិញធុនធំមួយគ្រឿងក្នុងល្បឿនលឿន ដល់ស្តុបផ្លូវបែកជាបួនមិនបង្អង់ ជ្រុលទៅបុករថយន្តតូយ៉ូតាព្រូស បើកឆ្លងស្តុបចំពាក់កណ្ដាលពេញទំហឹង បណ្ដាលឲ្យផ្ទប់ជាប់អូសទៅមុខជាច្រើនម៉ែត្រ កៀបជាប់ប្ដីប្រពន្ធពីរនាក់ ក្នុងការប៊ីនមុខរងរបួសធ្ងន់ ទីតាំងស្ថិតតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ រួមដំណើរជាមួយនិងនារីម្នាក់ទៀត ត្រូវជាប្រពន្ធបានបើករថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌កណ្តុប្រមេះមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BI-8643 បើកឆ្លងស្តុបតាមបណ្តោយផ្លូវ៩២ ទិសដៅពីកើតមកលិច ខណៈបើកឆ្លងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានបុរសម្នាក់ បើករថយន្តបង្កដឹកទំនិញធុនធំមួយគ្រឿង ក្បាលពណ៌ស ពាក់ស្លាកលេខ 3F-8568 បើកបរតាមតាមបណ្ដោយផ្លូវហាណូយ ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន បានជ្រុលបុករថយន្តតូយ៉ូតាព្រូស ចំពាក់កណ្ដាលពេញទំហឹង បណ្ដាលអោយផ្ទប់កៀបជាប់ទាំងប្តីនិងប្រពន្ធនៅក្នុងការប៊ីនមុខ ។
ភ្លាមៗនោះប្រជាពលរដ្ឋនាំគ្នាជួយគាស់យកចេញមកក្រៅហៅរថយន្តសាមុយដឹកទៅសង្រ្គោះបន្ទាន់ផងដែរ ចំណែកឯតៃកុងរថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោល ។
នៅក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកដល់វាស់វែងស្ទូចយករថយន្តទាំង០២គ្រឿងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ទៅតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់