ព័ត៌មានជាតិ

ជនសង្ស័យ ៤នាក់ ក្នុងចំណោមបក្ខពួក ៦នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅខណ្ឌសែនសុខ

ភ្នំពេញៈ កាលពីម៉ោង៣ និង០០នាទីរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ប៉ុស្តិ៍នគរបាលទឹកថ្លា ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ពាក់ព័ន្ធករណីឆក់កាបូបស្ពាយ នៅចំណុចមុខការ៉ាស់សាំងកាល់តិច ផ្លូវសហព័ន្ធរ៉ុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ០៦នាក់គេចខ្លួន ០២នាក់(ឈ្មោះញ៉ា និងឈ្មោះ អុំ សុវណ្ណារ៉ាក់) ។

ជនសង្ស័យទី១-ឈ្មោះ អាន គឹមស្រៀន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ (គ្មានសារធាតុញៀន) ទី២.ឈ្មោះ សន ហុង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក (គ្មានសារធាតុញៀន) ទី៣.ឈ្មោះ អ៊ឹង សុភានុត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង សង្កាត់ផ្សារដើមគេ ខណ្ឌទួលគោក (គ្មានសារធាតុញៀន) និងទី៤.ឈ្មោះ អ៊ឹង ប៊ុណ្ណារិន ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ២៣៧ ផ្លូវបេតុង ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ (គ្មានសារធាតុញៀន)។

សមត្ថកិច្ច បានឲ្យដឹងថា ក្រុមជនសង្ស័យ បានធ្វើសកម្មភាពឆក់យកកាបូបស្ពាយ និងទូរសព្ទ័ដៃម៉ាកOPPO ពីជនរងគ្រោះ ជាមនុស្សស្រី មិនស្គាល់អត្តសញ្ញាណ បានទៅបាត់ក្រោយកើតហេតុ ។
សម្ភារៈបាត់បង់ កាបូស្ពាយ ០១ និងទូរសព្ទ័ដៃ០១គ្រឿង ម៉ាកOPPO ។ សម្ភារៈបន្សល់ទុក ម៉ូតូ០២គ្រឿង (១.ម៉ាកេស១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ គ្មានផ្លាកលេខ និង ២.ម៉ាកេស១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ពាក់ផ្លាកលេខ ភ្នំពេញ1FC-5193) របស់ជនសង្ស័យ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

មតិយោបល់