ព័ត៌មានជាតិ

ទោះមានភ្លៀងធ្លាក់ កម្លាំង​នគរបាលរាជធានីភ្នំពេញ ​នៅតែបន្ត​យាមជា​ប្រចាំ ​គ្រប់​គោលដៅ​ភូមិសាស្ត្រ​បិទ​ខ្ទប់

​ភ្នំពេញៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មិន​ថា​យប់​ថ្ងៃ​ ភ្លៀង​ ក្តៅរ​ងាយ៉ាងណា​ ក៏​សមត្ថកិច្ច​ចម្រុះ​នៃ​ស្នងការដ្ឋាន​នគរបាល​ល​រាជធានី​ភ្នំពេញ​ នៅ​តែ​បន្ត​ពុះពារ​ ប្រចាំការ​តាម​គ្រប់​គោលដៅ​បិទ​ខ្ទប់​ ក្នុង​គោលបំណង​ដើម្បី​ចូលរួម​អនុវត្ត​តាម​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​ និង​ដើម្បី​បង្ការ​ ទប់ស្កាត់​ការ​ឆ្លង​រាលដាល​វីរុស​កូ​វី​-១៩​ ។​

​ជាក់ស្តែង​នៅ​យប់​ថ្ងៃ​ទី​១៧​ ខែមេសា​ ឆ្នាំ​២០២១​នេះ​ ទោះជា​មាន​ភ្លៀង​ធ្លាក់​យ៉ាងណា​ ក៏​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ នៅ​តែ​ខិតខំ​បំពេញភារកិច្ច​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ និង​គោរព​វិន័យ​ ។​

​សមត្ថកិច្ច​គ្រប់​រូប​ក៏​ចង់​នៅផ្ទះ​ជួបជុំ​ក្រុម​គ្រួសារ​ដូច​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​ដែរ​ ប៉ុន្តែ​ជា​តួនាទី​ភារកិច្ច​ដើម្បី​បម្រើ​សង្គម​ជាតិ​ និង​ប្រជាពលរដ្ឋ​ ក្នុង​បំណាក់​កាល​នេះ​ សមត្ថកិច្ច​ត្រូវ​តែ​លះបង់​គ្រប់យ៉ាង​ ដើម្បី​ជាតិ​ ដៃ​ម្ខាង​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​ ល្បាត​ការពារ​ ទប់ស្កាត់​បទល្មើស​នានា​ក្នុង​មូលដ្ឋាន​ ហើ​យ​ដៃ​ម្ខាង​ទៀត​ត្រូវ​ចូលរួម​សហការ​ជាមួយ​គ្រូពេទ្យ ​ក្នុង​ការ​ការពារ​ទីតាំង​ព្យាបាល​ និង​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​ ហើយ​ភារកិច្ច​ចំបង​មួយទៀត​គឺ​ ប្រចាំការ​តាម​គ្រប់​គោលដៅ​បិទ​ខ្ទប់​ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ ។

ដូច្នេះ​បើ​បងប្អូន​មានឱកាស​នៅផ្ទះ​ជួបជុំ​គ្រួសារ​ សូមកុំ​ចេញ​ក្រៅ​ផ្ទះ​ ដើ​ម្បី​ជា​ការ​ចូលរួម​ចំណែក​មួយ​យ៉ាង​ធំធេង​ ជាមួយ​រាជរដ្ឋាភិបាល​ ក្នុង​ការ​កាត់​បន្ថយ​ការ​ឆ្លង​រាលដាល​វីរុស​កូ​វី​ដ​-១៩​ ក៏​ដូច​ជា​ការ​បង្ការ​ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​វីរុស​កូ​វី​ដ​-១៩​ ៕

មតិយោបល់