ព័ត៌មានជាតិ

គោ​១​ហ្វូង​ម្ចាស់លែង​ឲ្យ​ដើរស៊ី​ស្មៅ ​ជាន់ប៉ះចំ​មីនតោន​ បណ្តាល​ឲ្យផ្ទុះ​ងាប់​១​ក្បាល​

​សៀមរាបៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ សត្វ​គោ​១​ហ្វូង​ប្រហែល​២០-៣០​ក្បាល​របស់​អ្នក​ភូមិ​ដែល​បាន​លែង​ឲ្យ​ដើរ​ស៊ី​ស្មៅ​ បាន​ដើរ​ជាន់​ប៉ះ​ចំ​មីនតោន​១​គ្រាប់​ផ្ទុះ​ បណ្តាល​ឲ្យ​គោ​១​ក្បាល​ងាប់​នៅ​កន្លែង​កើតហេតុ​ ។​

​ករណី​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៦​ ខែមេសា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​២៣​និង​៣០​ ត្រង់​ចំណុច​បង្គង​ម្កាក់​ ខាងលិច​ផ្លូវ​ចាស់​ប្រហែល​៣០​ ម៉ែត្រ​ ស្ថិត​នៅ​ក្នុងភូមិ​ស្រោង​ ឃុំ​ខ្វាវ​ស្រុក​ជីក្រែង​ ខេត្តសៀមរាប​ មាន​ករណី​ផ្ទុះ​មីនតោន​មួយ​គ្រាប់​ ។​

​លោក​វរសេនីយ៍ឯក​ រៀម​ រតនា​ នាយការិយាល័យ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ​ និង​ជាតិពុល​បានអោយ​ដឹង​ថា​ មាន​ហ្វូង​សត្វ​គោ​របស់​ប្រជាពលរដ្ឋ​ភូមិ​ស្រោង​ ចំនួន​២០​ ក្បាល​ទៅ​៣០​ ក្បាល​ បាន​ដើរ​ជាន់​មីនតោន​បណ្តាល​ឲ្យ​សត្វ​គោ​ ០១​ក្បាល​ងាប់​នៅ​កន្លែង​កើត​ ។​

​ក្រោយ​កើតហេតុ​ កម្លាំង​សមត្ថកិច្ច​នៃ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ខ្វាវ​បាន​ចុះ​ បាន​ពិនិត្យ​ឃើញ​រណ្តៅ​គ្រាប់​ បំណែក​គ្រាប់​ និង​ សាកសព​សត្វ​គោមួយ​ក្បាល​ដែល​ដាច់​រាយ​ប៉ាយ​ជិត​រណ្តៅ​ ។​ ក្នុង​ហេតុការណ៍​ផ្ទុះ​គ្រាប់​មីន​នេះ​មិន​បណ្តាល​អោយ​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ទេ​ ៕

មតិយោបល់