ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើហិង្សាដោយចេតនាបណ្តាល ឲ្យអ្នកដទៃរបួសស្នាម បង្កឲ្យមានការភ្ញាក់ផ្អើលទាំងក្បាលព្រលប់នៅវេលា ម៉ោង១៨និង១១នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ រស់ សាលី ភេទប្រុស អាយុ ៣៨ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើបានផឹកស៊ីជាមួយជនរងគ្រោះ២នាក់ រហូតដល់ស្រវឹងរៀងខ្លួន ជនរងគ្រោះនិងជនសង្ស័យបានឈ្លោះប្រកែកគ្នាតឹងមាត់តឹងក ខណ:នោះជនសង្ស័យឈ្មោះរស់ សាលី ចាប់ផ្តើមផ្ទុះកំហឹងរត់ទៅយកកាំបិតប៉័ងតោ កាប់ទៅលើជនរងគ្រោះ ០២នាក់ដែលពួកគេអង្គុយផឹកជាមួយបណ្តាលឲ្យរងរបួសធ្ងន់ អ្នកទាំងពីរ ត្រូវបានគេស្គាល់អត្តសញ្ញាណដូចខាងក្រោម៖
១.ឈ្មោះ ហ៊ុន ធី ភេទប្រុស អាយុ ៥៨ ឆ្នាំ ស្នាក់នៅភូមិឃុំខាងលើ(របួសធ្ងន់)
២.ឈ្មោះ សុខ ឃៀង ភេទប្រុស អាយុ ៤២ ឆ្នាំ រស់នៅភូមិឃុំខាងលើ (របួសធ្ងន់) ។
ប្រភពបានបន្តថា អ្នកទាំងពីរកំពុងសម្រាកព្យាបាលនៅនៅមណ្ឌលសុខភាពប្រម៉ោយ ។ រីឯជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំយកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុក ។
នគរបាលរដ្ឋបាលប្រម៉ោយ បានឲ្យដឹងថា ក្រោយពេលសមត្ថកិច្ចសួរនាំហើយ ជនសង្ស័យបានសារភាពថា ខ្លួនគេពិតជាបានធ្វើសកម្មភាព កាប់ទៅលើជនរងគ្រោះទាំងពីរនោះមែន មូលហេតុរូបគេនិងជនរងគ្រោះ ផឹកស៊ីស្រវឹងទំនាស់ពាក្យសម្ដី ជាមួយគ្នាធ្វើឲ្យគេទប់កំហឹងមិនបានក៏ធ្វើបែបនេះតែម្តង។
បន្ទាប់ពីស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យ សមត្ថកិច្ចចាប់ឃាត់ខ្លួនរួមទាំងវត្ថុតាង បញ្ជូនមកកាន់នៅអធិការដ្ឋាន ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕




មតិយោបល់