កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃអាទិត្យ ៧កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៩និង ៣០នាទី មានករណីអំពើលួចម៉ូត នៅចំណុច ផ្ទះរបស់ឈ្មោះ វ៉ាត ណារិន ស្ថិតក្នុងភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ យន យ៉ុន ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាងខេត្តកណ្ដាល ។ ចំណែកជនសង្ស័យចំនួន០៣នាក់៖១.ឈ្មោះ គង់ លី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។ ២. ឈ្មោះ ឃី វ៉េវ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (គេចខ្លួន) ។ ទាំងពីរនាក់មានទីលំនៅភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។ ៣. ឈ្មោះ អី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល (គេចខ្លួន) ។
វត្ថុតាងចាប់យក៖ ១.ម៉ូតូ ចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខៈ ភ្នំពេញ1GS-7338 (ជារបស់ជនរងគ្រោះ)។ ២. ដែកមូល ចំនួន ០១ ទំហំប៉ុនម្រាមដៃ ប្រវែង ៧ស.ម កែច្នៃ ជាសោសម្រាប់កាច់កម៉ូតូ (ជារបស់ជនសង្ស័យ)។ ៣. ទូរសព្ទ ចំនួន ០១គ្រឿង ម៉ាក អាយហ្វូន ប្រើស៊ីមលេខៈ ០៩៦៥៩៣៣៩៥១ (ជារបស់ជនសង្ស័យ)។
ដំណើររឿងហេតុ៖ នៅថ្ងៃកើតហេតុ ជនរងគ្រោះបានទៅផ្ទះរបស់ឈ្មោះ វ៉ាត ណារិន ដើម្បីទិញថ្នាំពេទ្យ ហើយខ្លួនបានទុកម៉ូតូនៅមុខផ្ទះរបស់ឈ្មោះ វ៉ាត ណារិន នៅក្បែរចិញ្ចើមផ្លូវ ដោយភ្លេចដកសោចេញពីម៉ូតូ ។ ខណៈពេលដែលជនរងគ្រោះកំពុងសួរនាំឈ្មោះ វ៉ាត ណារិន រកទិញថ្នាំ ស្រាប់តែមានជនសង្ស័យចំនួន០៣នាក់ខាងលើ បានជិះម៉ូតូ ០១គ្រឿងមកដល់ ហើយម្នាក់ក្នុងចំណោមបីនាក់ខាងលើ បានមកធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះ រួចព្យាយាមជិះរត់គេចខ្លួន ខណៈនោះដែរជនរងគ្រោះបានឃើញជនសង្ស័យទាំងបីក៏បានស្រែកឆោរឡោរឡើង និងបានរាយការណ៍ជូនសមត្ថកិច្ចក្រាំងយ៉ូវជួយអន្តរាគមន៍ ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ បានចុះដល់កន្លែងកើតហេតុ ដើម្បីប្រមូលព័ត៌មាន និងកំណត់មុខសញ្ញាបានភ្លាមៗ ។
ក្រោមការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង កម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុកស្អាង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ.ស្អាងភ្នំ .ព្រែកគយ និងកម្លាំងឈរជើងប្រចាំការ នៅគោលដៅត្រពាំងឈូក (ព្រំប្រទល់ស្រុកស្អាង–ក្រុងតាខ្មៅ) បានសហការគ្នា ស្ទាក់ចាប់បានជនសង្ស័យម្នាក់ឈ្មោះ គង់ លី ក្នុងចំណោមគ្នាបីនាក់ ដែលបានធ្វើសកម្មភាព ។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕
មតិយោបល់